អាយអេសអាយដង្កោសែនជ័យបង្ហាញឯកសណ្ឋានថ្មី និងការត្រៀមខ្លួនប្រកួត League Cup 2021

05 Jun 2021 10:19

156

Share :


ក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យបានធ្វើសន្និសីទសារព័ត៌មានបង្ហាញឯកសណ្ឋានថ្មី និងការត្រៀមខ្លួនចូលរួមការប្រកួតពានរង្វាន់ League Cup 2021 By Forward កាលថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។

លោក សាប៊ូន វិនតា នាយកបច្ចេកទេសក្រុមមកពីក្របខណ្ឌ League 2 ខាងលើទទូចថា ក្រុមរបស់លោកត្រៀមខ្លួនយ៉ាងរួចរាល់ និងអស់ពីសមត្ថភាព។ លោកសង្កត់ធ្ងន់ថា ការចូលរួមការប្រកួតនេះមិនផ្ដោតលើលទ្ធផលជាសំខាន់ឡើយ អ្វីដែលជាគោលដៅនោះ គឺដកស្រង់បច្ចេកទេសជាមួយក្រុមធំៗមកពី Metfone Cambodian League ដើម្បីអភិវឌ្ឍក្រុមតទៅមុខទៀត និងបំពេញបទពិសោធមុនចូលរួម Cambodian League 2 រដូវកាលថ្មីខាងមុខ។

អតីតគ្រូជំនួយសាលាបាល់ទាត់ជាតិបាទីដដែលបន្ថែមថា ទោះមិនផ្ដោតលើលទ្ធផលមែន កូនក្រុមនឹងប្រកួត១០០ភាគរយដើម្បីបានដឹងច្បាស់ពីចំណុចខ្វះខាត និងចំណុចរីកចម្រើនរបស់ខ្លួន។ 

ចំណែកប្រធានក្រុម ធូ គាសេង វិញជឿជាក់ថា CNCC League Cup 2021 By Forward គឺជាការប្រកួតដ៏ពិសេសដើម្បីផ្លាស់ប្ដូរបទពិសោធជាមួយក្រុមធំៗ។ គេថា ដូចបានដឹងស្រាប់ហើយ Cambodian League 2 ឆ្នាំ២០២០កន្លងទៅ គឺជាឆ្នាំដំបូងរបស់ក្រុមគេក្នុងបាល់ទាត់កម្រិតអាជីព ដូច្នេះនេះជាឱកាសល្អថែមទៀតដើម្បីយកបទពិសោធបន្ថែម ជាពិសេសបានប៉ះជាមួយក្រុមធំៗបែបនេះ។

គួរបញ្ជាក់ថា ពានរង្វាន់ League Cup 2021 នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែមិថុនា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ដោយមាន៨ក្រុមចូលរួម និងដើម្បីអភិវឌ្ឍសមត្ថភាពកីឡាករ និង រក្សាចង្វាក់លេងរបស់ក្លិបនីមួយៗ។ ក្រុមទាំង ៨ ដែលចូលរួមពានរង្វាន់ខាងលើដូចជា ភ្នំពេញក្រោន, បឹងកេត, វិសាខា, កងយោធពលខេមរភូមិន្ទ, ព្រះខ័នរាជស្វាយរៀង, ព្រៃវែង, យុវជនបាទី និង អាយ អេស អាយ ដង្កោសែនជ័យ។

ការបង្កើតពានរង្វាន់នេះឡើងបន្ទាប់ពីក្រុមជម្រើសជាតិត្រូវប្រមូលផ្តុំកីឡាករហ្វឹកហាត់ និងធ្វើដំណើរទៅប្រទេសបារ៉ែនដើម្បីចូលរួមការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) ចំនួន៣ប្រកួតនៅសេសសល់ ក៏ដូចជាជាទុកពេលវេលាដល់ក្លិបបាល់ទាត់បឹងកេត និងវិសាខា ដែលត្រូវតំណាងឲ្យជាតិទៅចូលរួមការប្រកួតពានរង្វាន់ AFC Cup វគ្គចែកពូល និងវគ្គ Playoff នាខែ មិថុនាខាងមុខផងដែរ។

សម្រាប់ អាយអេសអាយដង្កោសែនជ័យ ស្ថិតក្នុងពូល A មានភ្នំពេញក្រោន, បឹងកេត និងវិសាខា អាយអេសអាយដង្កោសែនជ័យ នឹងបើកឆាកតទល់ម្ចាស់ផ្ទះភ្នំពេញក្រោននៅល្ងាចថ្ងៃសៅរ៍ ទី០៥ ខែមិថុនា នេះ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania