Yuta ទាត់ចូលចុងម៉ោងឲ្យទ័ពឈ្នះព្រៃវែង ០-១

06 Jun 2021 17:53

122

Share :


សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទត្រូវរង់ចាំដល់នាទី៨៩ទើបអាចរកបានគ្រាប់ជ័យជម្នះយ៉ាងប្រផុតប្រផើយ០ទល់នឹង១លើម្ចាស់ផ្ទះព្រៃវែងអេហ្វស៊ី ក្នុងការប្រកួតពានរង្វាន់ League Cup By Forward 2021។ 

ក្នុងជំនួបប្រចាំពូល B នៅថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ក្រុមទាំង២ប្រកួតគ្នាដោយលទ្ធផល០ទល់នឹង០រហូតដល់នាទី៨៩ ទើបខ្សែប្រយុទ្ធ ណារ៉ុង កក្កដា ឆក់បាល់ពីការភ្លាត់ស្នៀតរបស់ខ្សែការពារព្រៃវែង ហើយបញ្ជូនទៅមិត្តរួមក្រុម សុខ ហៀង ដែលបានបោះបន្តដល់ជើងខ្សែបម្រើជប៉ុន Yuta Kikuchi ទាត់បញ្ចូលទីបានសម្រេច។

ក្រុមទាំង២មានឱកាសរៀងៗខ្លួនក្នុងវគ្គទីមួយ។ ដោយឡែក សម្រាប់វគ្គទី២ ក្រុមហៅកាត់ Tiffy Army ដែលមានអ្នកចាត់ការក្រុមថ្មី គឺអតីតគ្រូបង្គោលជម្រើសជាតិកម្ពុជា Lee Taehoon ហាក់បង្កើនការគ្រប់គ្រងបាល់ច្រើនជាង រហូតអាចរកគ្រាប់បាល់ជ័យជម្នះនៅចុងម៉ោង។

គួរដឹងដែរថា ការប្រកួតប្រចាំពូល B នៅថ្ងៃអាទិត្យ ទី០៦ ខែមិថុនា មានតែមួយគូនេះប៉ុណ្ណោះ បន្ទាប់ពីជំនួបរវាងព្រះខ័នរាជស្វាយរៀង និងយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៨ឆ្នាំត្រូវបានលុបចោល ដោយសារក្រុមការងារម្នាក់របស់ក្រុមបាទីបានតេស្ដឃើញវិជ្ជមានកូវីដ១៩។

ចំណែកនៅពូល A ឯណោះក៏មានតែគូភ្នំពេញក្រោនប្រកួតជាមួយអាយអេសអាយដង្កោសែនជ័យ កាលថ្ងៃសៅរ៍ ទី០៥ ខែមិថុនា ក្រោយបឹងកេត និងវិសាខា ត្រូវបានលុបចោលពាក់ព័ន្ធនឹងការតេស្ដឃើញវិជ្ជមានកូវីដ១៩ពីគ្រូជំនួយចាំទីបឹងកេត៕

អត្ថបទ​៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania