ណារ៉ុង កក្កដា គិតថា ពិបាកឈ្នះព្រៃវែងព្រោះកត្តា២នេះ

07 Jun 2021 15:05

576

Share :


ការហ្វឹកហាត់ជាមួយអ្នកចាត់ការក្រុមថ្មី Lee Taehoon បានត្រឹមមួយរយៈពេលខ្លីត្រូវបាន ណារ៉ុង កក្កដា របស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ គិតថា អាចជាកត្តាមួយដែលក្រុមរបស់គេឈ្នះព្រៃវែងអេហ្វស៊ីត្រឹម០ទល់នឹង១ ក្នុងការប្រកួត League Cup By Forward 2021 កាលថ្ងៃអាទិត្យ ទី០៦ ខែមិថុនា។

ទន្ទឹមនឹងនេះការប្រឹងប្រែង១០០ភាគរយពីកីឡាករព្រៃវែងក៏បានធ្វើឲ្យក្រុមហៅកាត់ Tiffy Army ពិបាកស្វែងរកគ្រាប់បាល់ដែរ។ នេះជាការបន្ថែមពីខ្សែប្រយុទ្ធវ័យក្មេង ណារ៉ុង កក្កដា របស់ក្រុមលោក Lee Taehoon។ 

កីឡាករវ័យ២២ឆ្នាំថ្លែងបែបនេះ “៖ណាមួយមកពីយើងទើបហាត់ជាមួយលោកគ្រូ Lee Taehoon បានមួយអាទិត្យផង ហើយយើងផ្ដោតតែលើការហាត់ការពារថែមទៀតក្នុងមួយរយៈពេលនេះ មិនទាន់បន្តផ្ដោតលើបច្ចេកទេសផ្សេងៗ។ ទាល់តែសប្ដាហ៍បន្ទាប់យើងផ្ដោតលើបច្ចេកទេសផ្សេងៗទៀត។ ម្យ៉ាងវិញទៀត ខាងព្រៃវែងគេប្រឹងប្រែងខ្លាំងមែនទែន ទោះបីជាពួកគេនៅក្មេងៗច្រើន ពួកគេលេងដោយឆន្ទៈ១០០ភាគរយតែម្ដង។ អ៊ីចឹងហើយបានជាយើងពិបាករកគ្រាប់បាល់បានច្រើនជាងនេះ។”

ណារ៉ុង កក្កដា បន្តថា ការហ្វឹកហាត់ជាមួយក្រុមលោក Lee Taehoon មួយសប្ដាហ៍កន្លងមកនេះ សម្រាប់គេ គឺបានយល់ និងសម្របបានខ្លះៗហើយ ហើយសង្ឃឹមថា នឹងទទួលបានកាន់តែច្រើន ពេលហាត់មួយរយៈទៀត។

ណារ៉ុង កក្កដា បានរួមចំណែកបង្កើតគ្រាប់បាល់សម្រាប់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ពេលគេឆក់បាល់ពីការភ្លាត់ស្នៀតដោយខ្សែការពារព្រៃវែង ហើយក៏បញ្ជូនទៅសុខ ហៀង ដែលបន្តឲ្យខ្សែបម្រើជប៉ុន Yuta Kikuchi ទាត់បញ្ចូលទីក្នុងនាទី៨៩៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania