ពេជ្រ សុវណ្ណខេមរិន្ទ្រ “៖ របួសជង្គង់កាល២ឆ្នាំមុនប្រៀបដូចជាសុបិនអាក្រក់សម្រាប់ខ្ញុំ”

09 Jun 2021 11:04

233

Share :


ខ្សែប្រយុទ្ធណាហ្គាវើលដ៍ ពេជ្រ សុវណ្ណខេមរិន្ទ្រ រំឭកថា បញ្ហារបួសជង្គង់អំឡុងនៅអង្គរថាយហ្គឺរពីចន្លោះឆ្នាំ២០១៨ដល់២០១៩ ប្រៀបដូចជាសុបិនអាក្រក់មួយក្នុងអាជីពបាល់ទាត់របស់គេ ព្រោះស្ដាយពេលវេលាយ៉ាងវែងដែលត្រូវបានចំណាយលើការព្យាបាល។ 

កីឡាករមានប្រភពពីខេត្តសៀមរាបរំឭកបែបនេះ “៖ ពេលនឹកឃើញ មានអារម្មណ៍ថា ស្ដាយពេលវេលាមែនទែន។ ប៉ុន្តែខ្ញុំតែងតែលើកទឹកចិត្តខ្លួន ព្រោះគិតថា បញ្ហាហ្នឹងតែងតែកើតឡើងក្នុងបាល់ទាត់ គេចអត់ផុតពីរបួសទេ តែវាស្ដាយពេលវេលាដែលយើងនៅក្មេង យើងមានកម្លាំង យើងមានឱកាស តែបែរជារបួសទៅវិញ។ កាលហ្នុងក្រឡាច់លើទីលានពេលកំពុងហាត់។ វាប៉ះពាល់សតិអារម្មណ៍ច្រើន ព្រោះយើងធ្លាប់តែលេង តែបែរជាត្រូវចំណាយពេលចោលលើការព្យាបាលរបួស។”

ពេជ្រ សុវណ្ណខេមរិន្ទ្រ អះអាងថា បច្ចុប្បន្នអ្វីៗបានប្រសើរឡើងវិញដូចដើម១០០ភាគរយហើយទាំងកាយសម្បទា និងស្មារតី។ ជារៀងរាល់ថ្ងៃ គេបានប្រឹងប្រែងហ្វឹកហាត់ខ្លាំងដើម្បីឱកាសលេងជាបន្តបន្ទាប់ ជាពិសេសអាចទៅកាន់ចំណុចដែលគេធ្លាប់ឈានដល់កាលពីមុន។

គួរដឹងដែរថា ពេជ្រ សុវណ្ណខេមរិន្ទ្រ ឈានជើងចូលបាល់ទាត់អាជីពកាលឆ្នាំ២០១៧នៅអង្គរថាយហ្គឺរ ក្រោយធ្លាប់ប្រលូកនៅតាមក្រុមពាក់កណ្ដាលអាជីពមួយចំនួនដូចជា គិរីដងរែក និងសៀមរាបអង្គរជាដើម។ គេធ្លាប់ជាប់ក្រុមធំជម្រើសជាតិកម្ពុជាទៀតផងនៅឆ្នាំដំបូងក្នុងអាជីពរបស់ខ្លួន។

រដូវកាល២០២១ កីឡាករវ័យ២៤ឆ្នាំបានចូលរួមជាមួយណាហ្គាវើលដ៍ និងចូលលេងបាន៣ប្រកួតហើយពេលប៉ះបឹងកេត ក្នុងនាមជាជម្រើស១១នាក់ដំបូង និងប្ដូរចូលពេលជួបព្រះខ័នរាជស្វាយរៀង និងអគ្គិសនីកម្ពុជា៕

អត្ថបទ៖ CNCC 
ប្រភពរូប ៖ NagaWorld FC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania