លី ម៉ាត់ណូ ស្ដាយឆ្នាំដំបូងសម្រាប់ភ្នំពេញហ្គាឡាក់ស៊ីក្នុងពានសម្ដេចតេជោ បែរជួបបញ្ហា

11 Jun 2021 08:52

499

Share :


ខ្សែប្រយុទ្ធ លី ម៉ាត់ណូ បានបង្ហាញអារម្មណ៍ស្ដាយខ្លាំងចំពោះការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានភាពរអាក់រអួល ដោយសារតែប៉ះពាល់ដោយការរាលដាលជំងឺកូវីដ១៩។ អ្វីដែលស្ដាយទៅទៀតនោះគឺជាឆ្នាំដំបូងសម្រាប់ក្រុមរបស់គេក្នុងពានរង្វាន់កម្រិតខ្ពស់មួយនេះ។

មិនខុសពីក្រុមផ្សេងៗឯទៀតដែលមិនបានហ្វឹកហាត់ជុំគ្នាពេញលេញ ព្រោះកំហឹតលើការជួបជុំនោះ អតីតកីឡាករវេស្ទើនភ្នំពេញទទូចថា ពិតជាបារម្ភពីការធ្លាក់ចុះគុណភាពក្រុមដែលកន្លងមកបានលទ្ធផលល្អគួរកត់សម្គាល់ទៅហើយ។

ខ្សែប្រយុទ្ធលេចធ្លោក្នុងក្រុមថ្លែងបែបនេះ “៖ ពិតជាស្ដាយបង ព្រោះអីយើងកំពុងល្អជាក្រុម តែត្រូវផ្អាកដោយសារកូវីដអ៊ីចឹងទៅ មិនអាចជុំគ្នាហាត់បាន។ អ៊ីចឹងពេលចូលប្រកួតវិញ អាចធ្លាក់ ព្រោះអត់បានហាត់ជុំគ្នា បានត្រឹមហាត់នៅផ្ទះ ពេលចូលវិញអត់សូវត្រូវជើងគ្នា។ ណាមួយ កីឡាករយើងមិនមែនអាជីពផង អ៊ីចឹងមិនអាចឲ្យគេមកហាត់ជាប់លាប់បានទេ ព្រោះហាត់តាមពេលទំនេរទេ។”

ការប្ដេជ្ញារបស់ក្រុមភ្នំពេញហ្គាឡាក់ស៊ី គឺធ្វើយ៉ាងណា ឆ្លងចូលដំណាក់កាលថ្នាក់ជាតិដែលអាចប៉ះជាមួយក្លិបនៅក្របខណ្ឌ Metfone Cambodian League។ នេះជាការបន្ថែមពី លី ម៉ាត់ណូ ដែលរកបាន៤គ្រាប់ពីការប្រកួតវគ្គចែកពូលកន្លងទៅ។

គួរដឹងដែរថា ភ្នំពេញហ្គាឡាក់ស៊ី កំពុងឈរកំពូលតារាងពូល “ក” បណ្ដោះអាសន្ន ដោយមាន៨ពិន្ទុពីការប្រកួត៤លើក នៅពីលើកំពង់ស្ពឺ និងកំពង់ឆ្នាំង ១ពិន្ទុដូចគ្នា។ 

បើតាមការឲ្យដឹង ភ្នំពេញហ្គាឡាក់ស៊ី ត្រូវបានបង្កើតឡើងជាង១០ឆ្នាំមកហើយក្រោមឈ្មោះថា Sporting Galaxy តែទើបទទួលបានការអនុញ្ញាតចូលរួមការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ក្នុងឆ្នាំ២០២១នេះប៉ុណ្ណោះ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania