ប្រាក់ មុន្នីវីរៈ ចង់ឲ្យមានការប្រកួតបែប League Cup By Forward រាល់ឆ្នាំ

12 Jun 2021 12:43

529

Share :


ខ្សែប្រយុទ្ធវ័យក្មេងព្រះខ័នរាជស្វាយរៀង ប្រាក់ មុន្នីវីរៈ បានបង្ហាញការគាំទ្រចំពោះការប្រកួតពានរង្វាន់ League Cup By Forward  នៅឆ្នាំក្រោយៗទៀត ព្រោះមិនសំខាន់តែសម្រាប់កីឡាករដែលមិនសូវបានបង្ហាញសមត្ថភាពនោះទេ តែក៏ល្អដល់ក្លិបអាចរៀបចំក្រុមអំឡុងការសម្រាក។

កីឡាករដុះដាលចេញពីថ្នាលព្រះខ័នរាជស្វាយរៀងបង្ហាញការយល់ឃើញបែបនេះ “៖ចំពោះខ្ញុំ ខ្ញុំគាំទ្រឲ្យមានពានរង្វាន់បែប League Cup នេះរាល់ឆ្នាំ ព្រោះជួយច្រើន មិនមែនតែកីឡាករយុវជនមានឱកាសបង្ហាញខ្លួនទេ និងល្អសម្រាប់ក្រុមទាំងអស់បានរៀបចំខ្លួនអំឡុងការប្រមូលផ្ដុំជម្រើសជាតិ។ មិនមែនមានន័យថា ពេលក្រុមជម្រើសជាតិប្រកួត ក្លិបត្រូវសម្រាកគ្មានការប្រកួតដែរទេ ព្រោះអាចធ្លាក់គុណភាព។ អ៊ីចឹងពេលមានការប្រកួតបែបនេះច្រើន កីឡាករអាចពង្រឹងខ្លួន។”

យុវជនដដែលទទួលស្គាល់ពីការលំបាកក្នុងការប្រជែងយកពេលវេលាលេងក្នុងក្រុម ដោយសារតែមានកីឡាករបរទេសល្អៗ ដូច្នេះ League Cup 2021 By Forward នេះជាឱកាសបានបង្ហាញសមត្ថភាព។

មុន្នីវីរៈ បន្ថែម “៖ បាទបងពាននេះជាឱកាសដ៏ល្អសម្រាប់ខ្ញុំបង្ហាញខ្លួន ហើយមិនថាខ្ញុំបានបង្ហាញខ្លួនបានប៉ុន្មាននាទីទេ តែនេះជាការប្រជែងសម្រាប់ពានលីគដែរ។ ក្នុងក្រុមរបស់ខ្ញុំ លើតំបន់ប្រយុទ្ធ សុទ្ធតែជាកីឡាករបរទេស អ៊ីចឹងឱកាសលេងរបស់ខ្ញុំក្នុងលីគពិតជាតិចតួច។"

ប្រាក់ មុន្នីវីរៈ ត្រូវបានព្រះខ័នរាជស្វាយរៀងផ្ដល់កិច្ចសន្យាក្រុមធំក្នុងរដូវកាល២០២០។ គេក៏ធ្លាប់ត្រូវបានក្លិបផ្ដល់ឱកាសចូលលេងក្នុងពានសម្ដេចតេជោ ហ៊ុន សែន កាលឆ្នាំ២០១៩ដែរ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania