ផាន សុផេន លេងឲ្យក្រុមតំណាងបន្ទាយមានជ័យក្នុងពានសម្ដេចតេជោជាង៣ឆ្នាំ តែទើបលេចធ្លោឆ្នាំនេះ

13 Jun 2021 10:58

655

Share :


ជាឆ្នាំទី៤ហើយដែល ផាន សុផេន បានចូលរួមប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយក្រុមប៊ុនកយ តំណាងខេត្តបន្ទាយមានជ័យ ប៉ុន្តែខ្សែប្រយុទ្ធវ័យក្មេងទើបតែអាចបង្ហាញភាពលេចធ្លោក្នុងឆ្នាំ២០២១នេះ។

កីឡាករមានកំណើតនៅខេត្តបន្ទាយមានជ័យសង្កត់ធ្ងន់ថា “៖ ភាពលេចធ្លោក្នុងឆ្នាំ២០២១នេះកើតចេញពីការខិតខំប្រឹងប្រែងហ្វឹកហាត់ យកចិត្តទុកដាក់លើបាល់ទាត់ និងការរួមចំណែកពីមិត្តរួមក្រុម ខិតខំទាំងអស់គ្នាដើម្បីខេត្តបន្ទាយមានជ័យ។ និយាយរួមទៅ គឺកើតចេញពីការសហការជាក្រុមផង ព្រោះយើងលេងជាក្រុម។ កាលមុន ពេលមិនទាន់លេចធ្លោហ្នឹង ព្រោះខ្ញុំនៅក្មេង សមត្ថភាពក៏នៅកម្រិតទាប ហើយនៅមានសិស្សច្បងច្រើនដែលមានសមត្ថភាពលើខ្ញុំ។”

៥ប្រកួតក្នុងវគ្គចែកពូលនៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្តកន្លងទៅ ផាន សុផេន រកបាន៨គ្រាប់ ឈរលើគេជាបណ្ដោះអាសន្នក្នុងតារាង Top Scorer ខណៈបន្ទាយមានជ័យកំពុងឈរលេខ២ ក្នុងពូល “ខ”។ គេរកបានហ៊ែតទ្រីកក្នុងជំនួបបើកឆាកវគ្គចែកពូលថ្នាក់ខេត្ត ២០២១ ឈ្នះពោធិ៍សាត់។ 

ផាន សុផេន ផ្ដើមការហ្វឹកហាត់បាល់ទាត់ក្នុងក្រុមយុវជន Victory Poipet ដែលមានលោក សាប៊ូន វិនតា ជាគ្រូបង្វឹក។ ក្រោយលោក សាប៊ូន វិនតា ផ្លាស់ទៅធ្វើការនៅរាជធានីភ្នំពេញ គេក៏បានចូលរួមជាមួយក្រុមអធិរាជភ្នំស្វាយ ហើយក៏បន្តទៅក្រុមប៊ុនកយដល់បច្ចុប្បន្ន។ 

សព្វថ្ងៃនេះ ផាន សុផេន កំពុងហ្វឹកហាត់នៅក្រុមព្រៃវែងអេហ្វស៊ី និងបានបង្ហាញខ្លួនក្នុងវគ្គទី២កាលប៉ះសមាគមកីឡាបាល់ទាត់កងយោធពខេមរភូមិន្ទ ការប្រកួតពានរង្វាន់ League Cup By Forward 2021 ផងដែរ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania