គ្រូព្រៃវែង និងស្វាយរៀងយល់ឃើញបែបណាក្រោយជំនួប League Cup 2021 By Forward

15 Jun 2021 09:54

598

Share :


ក្រោយចប់ការប្រកួត League Cup 2021 By Forward ចាញ់ព្រះខ័នរាជស្វាយរៀង០ទល់នឹង១ កាលថ្ងៃអាទិត្យ ទី១៣ ខែមិថុនា លោក Thongchai Rungreangleas គ្រូបង្គោលព្រៃវែងអេហ្វស៊ី ថ្លែងថា នឹងព្យាយាមបំពេញចំណុចខ្វះខាតបន្ថែមទៀត ជាពិសេសការប្រមូលផ្ដុំអារម្មណ៍ និងការសម្រេចចិត្ត។ យ៉ាងណា លោកក៏ទទួលស្គាល់ បរាជ័យ២ប្រកួតមកនេះ ក៏ដោយសារតែបានប៉ះក្រុមដែលមានបទពិសោធច្រើនជាងដែរ។

គ្រូបង្វឹកជនជាតិថៃបង្ហាញការយល់ឃើញបែបនេះ “៖យើងមានចំណុចមួយដែលត្រូវកែតម្រូវ ជាពិសេសរឿងការប្រមូលផ្ដុំអារម្មណ៍ និងការសម្រេចចិត្ត។ ២ប្រកួតកន្លងទៅហ្នឹង យើងឃើញការលេងការពាររបស់យើងបានធ្វើតាមរបៀបប្រមូលផ្ដុំគ្នាដែលកូនក្រុមធ្វើបានតាមការហ្វឹកហាត់រហូតមក។ តែយ៉ាងណា ខ្ញុំមើលឃើញថា ការរបូតពិន្ទុពីការប្រកួត២លើកនេះ ក៏ដោយសារតែការសម្រេចចិត្ត និងប្រមូលផ្ដុំអារម្មណ៍ដែរ តែក៏វាពិបាកម្យ៉ាង ព្រោះយើងប៉ះក្រុមមានបទពិសោធច្រើនជាង។ ដូច្នេះយើងត្រូវព្យាយាមធ្វើឲ្យមានការប្រមូលផ្ដុំអារម្មណ៍ឲ្យបានល្អបន្ថែមទៀត។”

លោក Thongchai បានចាត់ទុកការប្រកួតជាមួយក្រុមធំៗកន្លងមកនេះ ជាបទពិសោធដ៏ល្អពេលការប្រកួតក្របខណ្ឌ Metfone Cambodian League ដំណើរការសាជាថ្មីវិញនៅខែកក្កដា ខាងមុខ ហើយរំពឹងថា កូនក្រុមនឹងយកមេរៀនទាំងនេះទៅអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរថែមទៀត។

ចំណែកលោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀងមើលឃើញថា ក្រុមព្រៃវែងអេហ្វស៊ីពិតជាលេងបានយ៉ាងល្អ។ ក្នុងការប្រកួតដ៏ស្វិតស្វាញនេះដែរ លោកគិតថា អ្នកទស្សនាអាចនឹងមើលឃើញថា ក្រុមរបស់លោកគួរតែទទួលបាល់១១ម៉ែត្រច្រើនជាងមួយលើក។ ទោះឈ្នះត្រឹម០ទល់នឹង១លោកសប្បាយចិត្តចំពោះលទ្ធផលនេះ។

គ្រូបង្វឹកមកពីសាធារណរដ្ឋអៀរឡង់ក៏រីករាយចំពោះការរួមចំណែកច្រើនពីកីឡាករវ័យក្មេងដូចជា នី សុខរី, មិន រតនៈ, ឃៀង ម៉េងហួរ, គឹម សុខយុទ្ធ, ត្រាយ វិចិត្រ ជាដើម។ គួររំឭកថា គ្រាប់ជ័យជម្នះរបស់ព្រះខ័នរាជស្វាយរៀង ធ្វើបានដោយអតីតយុវជនសាលាបាល់ទាត់ជាតិបាទី ជូ ស៊ិនទិ ក្នុងនាទី៣៣៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania