ប្រធានក្រុមត្បូងឃ្មុំ មីន សែតសេន “៖ខ្ញុំដើរស៊ីឈ្នួលគេផង លេងបាល់ផង អត់សូវបានសម្រាក តែខ្ញុំមិនបោះបង់កីឡានេះទេ”

15 Jun 2021 18:09

1352

Share :


ទោះមិនមានពេលសម្រាក ព្រោះត្រូវធ្វើការស្រែចម្ការប្រចាំថ្ងៃដើម្បីជីវភាព ប្រធានក្រុមបាល់ទាត់ត្បូងខ្មុំ មីន សែតសេន អះអាងមិនបោះបង់កីឡាមួយនេះឡើយ។ មិនបោះបង់ ក៏ដោយសារតែស្រលាញ់បាល់ទាត់ និងបានលេងតាំងពីនៅក្មេងៗម្ល៉េះ។ 

ម្ចាស់អាវលេខ១០ប្រចាំក្រុមត្បូងឃ្មុំប្រាប់ថា មិនមានពេលសម្រាកគ្រប់គ្រាន់ទេ ព្រោះត្រូវធ្វើការពេលយប់ ហើយពេលថ្ងៃក៏ឆ្លៀតទៅហ្វឹកហាត់បាល់ទាត់ថែមទៀត ដូច្នេះមិនសូវមានកម្លាំងពេញលេញឡើយ។

មីន សែតសេន រៀបរាប់បែបនេះ “៖និយាយចំទៅ ខ្ញុំរវល់ខ្លាំងណាស់បើគិតក្នុងចំណោមមិត្តរួមក្រុមទាំងអស់ មិនសូវមានពេលទំនេរទេ។ ខ្ញុំលេងបាល់រួចទៅធ្វើការយប់ អត់សូវបានដេកទេ ហើយថ្ងៃទៅហាត់បាល់ទៀត។ អ្នកខ្លះគេធូរធាទៅ គេលេងតែបាល់ បើខ្ញុំមិនសូវធូរធាដូចគេទេ។ បើខ្ញុំមានពេលទំនេរដូចគេវិញ មិនបាច់និយាយទេ មានកម្លាំងពេញ រត់អត់ហត់ទេ។”

មីន សែតសេន ស្ថិតក្នុងគ្រួសារមានបងប្អូន៤នាក់ ដោយមានឪពុកម្ដាយជាអ្នកចម្ការ តែមានជីវភាពមិនសូវសមប្រកបប៉ុន្មានទេ។ គេបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៧ ព្រោះត្រូវជួយធ្វើការឪពុកម្ដាយ រកប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ក្រៅពីកាតព្វកិច្ចជួយរកប្រាក់ជួយគ្រួសារ សែតសេន បានឆ្លៀតហ្វឹកហាត់ និងលេងបាល់ទាត់តាំងពីអាយុ១៥ឆ្នាំ។ គេធ្លាប់លេងឲ្យក្រុមខេត្តមណ្ឌលគិរី និងកំពង់ចាម មុនលេងឲ្យខេត្តកំណើតត្បូងឃ្មុំក្នុងឆ្នាំ២០១៩។ 

ក្នុងការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២១នេះ មីន សែតសេន រកបានមួយគ្រាប់ ខណៈត្បូងឃ្មុំកំពុងឈរកំពូលតារាងពូល “ច” ដោយមាន៩ពិន្ទុពីការប្រកួត៣លើក៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania