ខ្សែការពារ ISI វ៉ា សីង្ហហៈ រីករាយបានចាប់ដៃគូជាមួយរៀមច្បងមួយរូបក្នុងពាន League Cup 2021 By Forward

16 Jun 2021 17:47

950

Share :


ខ្សែការពារក្រុមអាយ.អេស.អាយ ដង្កោសែនជ័យ វ៉ា សីង្ហហៈ បានបង្ហាញអារម្មណ៍រីករាយដែលមានរៀមច្បង ស៊ុន សុវណ្ណរិទ្ធី ជាដៃគូក្នុងតំណែងការពារជាមួយគ្នា ក្នុងការប្រកួតពានរង្វាន់ League Cup 2021 By Forward ព្រោះអាចទទួលបានបទពិសោធច្រើន។

អតីតយុវជនសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទរៀបរាប់បែបនេះ “៖ គាត់បានណែនាំពួកយើងបានច្រើន ទាំងជំហរក្នុងការយកបាល់ ឲ្យយើងហ៊ានលេង កុំឲ្យខ្លាច និងចែករំលែកតិចនិកផ្សេងៗទៀត។ ខ្ញុំពិតជាពេញចិត្តក្នុងការចាប់ដៃគូជាមួយគាត់។ ខ្ញុំមើលទៅ ទោះគាត់អាយុច្រើនហើយ តែគាត់មានកម្លាំង និងការលេងនៅល្អដូចនៅក្មេងអ៊ីចឹង។ គាត់ពូកែរក្សាបាល់លេង និងច្បាស់ក្បាលទៀត”។ 

កីឡាករវ័យ២២ឆ្នាំក៏សប្បាយចិត្តដែលបានចូលរួមការប្រកួតពានរង្វាន់ League Cup 2021 By Forward ជាមួយអាយ.អេស.អាយ ដង្កោសែនជ័យ ព្រោះបានប៉ះក្រុមធំៗមកពី Metfone Cambodian League ដូច្នេះពួកគេអាចទទួលបានបទពិសោធច្រើន។ សម្រាប់ការចាញ់ភ្នំពេញក្រោនកាលថ្ងៃបើកឆាក គេថា មិនជាបញ្ហាប៉ុន្មានឡើយ ព្រោះមានកម្រិតខុសគ្នា ហើយម្យ៉ាងក្រុមរបស់គេមិនបានហាត់ជុំគ្នាមួយរយៈធំដែរ។ 

វ៉ា សីង្ហហៈ សង្ឃឹមថា នឹងអាចទទួលបានបទពិសោធច្រើនពីការប្រកួតនានា ជាពិសេសពីពានរង្វាន់ដែលបង្កើតឡើងដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាសហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកីឡា Forward មួយនេះ។ ជាក់ស្ដែង ឆ្លងកាត់ការប្រកួត Cambodian League 2 និង League Cup 2021 By Forward នេះ គេហ៊ានលេង និងប្រជែងគ្នាខ្លាំងៗជាងមុន។ សីង្ហហៈ សង្ឃឹមថា នឹងអាចអភិវឌ្ឍខ្លួនបានច្រើនថែមទៀតដើម្បីឈានទៅបំពេញបំណងប្រាថ្នាជាកីឡាករជម្រើសជាតិនាពេលអនាគត។

គួរដឹងដែរថា អាយ.អេស.អាយ ដង្កោសែនជ័យ ត្រូវបន្តការប្រកួតក្នុងពូល A នៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា តទល់ម្ចាស់ជើងឯកពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២០ វិសាខា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania