ខ្សែការពារព្រៃវែង លីន តារាដេវីទ្យ “៖គិតមកទល់ពេលនេះយើងកើនឡើងទំនុកចិត្តជាងមុន”

18 Jun 2021 16:42

871

Share :


ចាប់តាំងពីពេលហ្វឹកហាត់រួមគ្នា និងឆ្លងកាត់ការប្រកួតជាច្រើនទាំង Metfone Cambodian League និង League Cup 2021 By Forward ខ្សែការពារ លីន តារាដេវីទ្យ មើលឃើញថា មិត្តរួមក្រុមទាំងអស់បានកើនឡើងទំនុកចិត្តខ្លាំងជាងមុន ដោយកាន់តែហ៊ានលេង ទោះប៉ះក្រុមគូប្រជែងកម្រិតណា។

កីឡាករវ័យ១៩ឆ្នាំបង្ហាញចំណាប់អារម្មណ៍បែបនេះ “៖ ពួកយើងមានទំនុកចិត្តជាងមុន មានការប្រកួតប្រជែងខ្លាំងជាងមុន។ យើងហ៊ានលេង មិនគិតថា គូប្រជែងវ័យច្រើនជាង បទពិសោធច្រើនជាងយ៉ាងណាទេ។ និយាយទៅតាំងពីបានចូលរួមហាត់ជុំគ្នាមកតាំងពីយុវជន យើងកាន់តែកើនឡើងលើចំណុចទាំង២នេះ។ កីឡាករម្នាក់ៗក៏មានការប្រកួតប្រជែងខ្ពស់ក្នុងក្រុមថែមទៀតដើម្បីបង្ហាញសមត្ថភាពឲ្យគ្រូបានឃើញ ឈានទៅទទួលបានឱកាសលេង។”

ទាក់ទងទៅនឹងការប្រកួតពានរង្វាន់ League Cup 2021 By Forward អតីតយុវជនសាលាបាល់ទាត់ជាតិបាទីដដែលពិតជារីករាយដែលក្រុមគេបានចូលរួម ព្រោះពាននេះបានផ្ដល់ឱកាសដល់កីឡាករក្មេងៗបានបញ្ចេញសមត្ថភាព និងអាចបន្តការប្រកួតប្រជែងអំឡុងការសម្រាកក្របខណ្ឌ Metfone Cambodian League។ គេយល់ឃើញថា អ្នករៀបចំពិតជាបានគិតគូរខ្លាំងដល់កីឡាករ ជាពិសេសយុវជនតែម្ដង។ 

សម្រាប់ក្រុមព្រៃវែងអេហ្វស៊ីបានឆ្លងកាត់ការប្រកួត២លើកក្នុងពានរង្វាន់ League Cup 2021 By Forward ដោយចាញ់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ០ទល់នឹង១ និងព្រះខ័នរាជស្វាយរៀង ០ទល់នឹង១។ ដេវីទ្យ បានចូលលេងពេញម៉ោងក្នុងជំនួប Tiffy Army និងប្ដូរចូលក្នុងនាទី៤៣ពេលប៉ះស្វាយរៀង។

ព្រៃវែងអេហ្វស៊ីមិនបានបន្តទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀតទេ ដោយវគ្គ៤ក្រុមចុងក្រោយនេះ វិសាខាត្រូវប៉ះអាយ.អេស.អាយ ដង្កោសែនជ័យ និងព្រះខ័នរាជស្វាយរៀងជួបជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania