ប្រសាសន៍គ្រូព្រះខ័នរាជ និង Tiffy Army មុនជំនួប League Cup 2021 By Forward

19 Jun 2021 13:57

1084

Share :


ថ្ងៃសៅរ៍ ទី១៩ ខែមិថុនា នេះឈានចូលដល់សប្ដាហ៍ទី០៣ហើយនៃការប្រកួតពានរង្វាន់ League Cup 2021 By Forward ហើយព្រះខ័នរាជស្វាយរៀងនឹងទទួលជួបសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ វេលាម៉ោង៦ល្ងាច នាកីឡដ្ឋានខេត្តស្វាយរៀង។ ក្រុមទាំង២ប្រកួតបានមួយលើក និងសុទ្ធតែឈ្នះព្រៃវែងអេហ្វស៊ី០ទល់នឹង១ដូចគ្នា។

ទាក់ទងនឹងការប្រកួតរវាងក្រុមទាំង២នៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនានេះ លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង ពិតជារីករាយដែលនៅមានឱកាសលេងបាល់ទាត់ និងត្រូវការប្រកួតឲ្យបានច្រើនដើម្បីឈានទៅដល់កម្រិតចង់បាន។ លោកថា ការប្រកួតនីមួយៗអាចបង្កើតឱកាសដល់ក្រុមលេងដល់កម្រិតដែលចង់បាន។

ចំពោះរការលេងវិញ លោក Conor ឲ្យដឹងបែបថា “៖ របៀបលេងរបស់យើង គឺផ្លាស់ប្ដូរជាក់ស្ដែងក្នុងការប្រកួត។ របៀបលេងមិនសំខាន់ប៉ុន្មានទេសម្រាប់ខ្ញុំ អ្វីដែលសំខាន់ គឺគោលការណ៍នៃការលេង និងរបៀបដែលយើងចង់លេងក្នុងការប្រកួតជាក់ស្ដែង។ យើងចង់គ្រប់គ្រងបាល់បានច្រើន និងគ្រប់គ្រងការប្រកួត។ ការលេងរបស់យើង គឺអាស្រ័យលើភាពជាក់ស្ដែងលើទីលានផ្ទាល់តែម្ដង។ យើងអត់មានកីឡាករមួយចំនួន មិនមានជាលេសទេ យើងនឹងព្យាយាមរៀបចំឲ្យបានល្អទៅតាមសមត្ថភាពរបស់យើង និងធ្វើឲ្យបានល្អក្នុងការប្រកួតដែលទស្សនិកជនរីករាយតាមដាន។ ការលេងរបស់ Tiffy Army គឺស្រដៀងទៅនឹងអ្វីដែលក្រុមជម្រើសជាតិលេងកាលពីមុន។ នេះជាអ្វីដែលលោក Lee ធ្លាប់រៀបចំលេងកាលនៅ V-League ជាដើម។ ពួកគេការពារបានល្អ អ៊ីចឹងហើយបានជាពូកគេអាចរក្សាសំណាញ់បាន។ អ៊ីចឹងបានជាទ័ពបន្តទុកខ្សែប្រយុទ្ធប្រេស៊ីល និងនាំយក Bata និង Yuta ដែលធ្លាប់ជោគជ័យនៅ MCL កន្លងមក។ វាជាការប្រកួតមួយដ៏តានតឹង តែវាក៏ធ្វើឲ្យយើងរំភើបរីករាយ។”

ចំណែកលោក ហោ សុខហេង គ្រូបង្គោលសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបញ្ជាក់ថា បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួត។ លោកថា អ្វីដែលរៀបចំលេងក្នុងពេលនេះ គឺដើម្បីត្រៀមឆ្ពោះទៅការប្រកួត Metfone Cambodian League សាជាថ្មី។ លោកថា ការលេងនឹងមិនខុសគ្នាពីប្រកួតមុនទេ តែក៏នឹងព្យាយាមកែតម្រូវចំណុចខ្វះខាត។ លោកបន្ថែមថា “៖ ព្រះខ័នរាជស្វាយរៀងនៅតែជាក្រុមដែលមានការរក្សាបាល់ល្អ និងប្រយុទ្ធទៅមុខលឿន ក្នុងចំណោមក្រុមធំៗនៅ MCL ព្រោះបានហ្វឹកហាត់តាំងពីថ្នាល។ សម្រាប់ខ្សែប្រយុទ្ធក៏មុតស្រួចដែលយើងត្រូវតែប្រុងប្រយ័ត្ន។ វាដូចជាការធ្វើតេស្ដសមត្ថភាពមួយដែរក្នុងការប្រកួតជាមួយព្រះខ័នរាជស្វាយរៀង។ យើងជឿថា ជារឿងដ៏ល្អ និងសង្ឃឹមធ្វើបានប្រសើរ យើងរីករាយក្នុងការវាយតម្លៃការលេងរបស់យើង។ យើងសប្បាយចិត្តដែលបានប៉ះក្រុមដ៏ល្អដូចព្រះខ័នរាជស្វាយរៀងក្នុងពាន League Cup ព្រោះពួកគេជាក្រុមដ៏ខ្លាំង យើងអាចតេស្ដសមត្ថភាពកីឡាករយើង និងពិនិត្យមើលការរៀបចំ និងការវាយតម្លៃកីឡាករយើងបាន។”

គួរបញ្ជាក់ថា ក្នុងការប្រកួតពានរង្វាន់ League Cup 2021 By Forward នេះ ក្រុមទាំង២ស្ថិតក្នុងពូល B ដែលមានព្រៃវែងអេហ្វស៊ី និងក្រុមយុវជនបាទីអាយុក្រោម១៨ឆ្នាំ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania