Tiffy Army ឡើងផ្ដាច់ព្រ័ត្រ League Cup 2021 By Forward

19 Jun 2021 22:06

994

Share :


សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានវាយបកតាមស្មើព្រះខ័នរាជស្វាយរៀងក្នុងម៉ោងធម្មតា ១ទល់នឹង១ និងឈានទៅឈ្នះដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥ទល់នឹង៣ នៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា យកបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ League Cup 2021 By Forward។ 

ក្នុងការប្រកួតដ៏តានតឹងលើទីលានកីឡដ្ឋានខេត្តស្វាយរៀង ក្រុមទាំង២បានដាក់សម្ពាធទៅវិញទៅមក តែមិនទាន់អាចធ្វើអ្វីគ្នាបានទេ រហូតដល់នាទី៧៥ ទើបខ្សែបម្រើ អ៊ាន ពិសី ទាត់បញ្ចូលទីពីការបញ្ជូនយ៉ាងល្អ ដោយ Daisuke Kobayashi។

ការនាំមុខនេះមានសុពលភាពដល់នាទី៩០+៣ ខ្សែបម្រើប្រេស៊ីល Romario Alves បានទាត់ពិន័យ១១ម៉ែត្របញ្ចូលទី ក្រោយជឿន ណាចារ ទាត់ទៅប៉ះដៃមិន រតនៈ ក្នុងប្រអប់អ្នកចាំទី។ 


ចប់៩០នាទីពីការប្រកួតដែលមានកាតលឿងច្រើនសន្លឹក និងកាតក្រហមដល់ខ្សែបម្រើ ជា សំណាង របស់ព្រះខ័នរាជស្វាយរៀងផងនោះ បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា១ទល់នឹង១។ ការប្រកួតក៏ឈានដល់ការទាត់១១ម៉ែត្រកាត់សេចក្ដី។ ការទាត់មិនចូលពីខ្សែបម្រើ Thiago Santos ធ្វើឲ្យព្រះខ័នរាជស្វាយរៀង ចាញ់ដោយលទ្ធផល៣ទល់នឹង៥។ 

ដូច្នេះ ព្រះខ័នរាជស្វាយរៀងត្រូវជួបជាមួយវិសាខានៅថ្ងៃពុធ ទី២៣ ខែមិថុនា សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមឈ្នះនឹងត្រូវជួបដណ្ដើមជើងឯក League Cup 2021 By Forward ជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania