អ៊ាន ពិសី “៖ទាត់ចូលទ័ពក្នុង League Cup ធ្វើឲ្យខ្ញុំកាន់តែមានកម្លាំងចិត្តប្រឹងប្រែងថែមទៀត”

22 Jun 2021 07:33

718

Share :


ខ្សែបម្រើវ័យក្មេង អ៊ាន ពិសី បានទាត់បញ្ចូលទីមួយគ្រាប់ឲ្យព្រះខ័នរាជស្វាយរៀងក្នុងនាទី៧៥ ក្រោយប្ដូរចូលជំនួសខ្សែប្រយុទ្ធសេណាហ្គាល់ Robert Lopez Mendy បាន១៥នាទី ក្នុងការប្រកួតពានរង្វាន់ League Cup 2021 By Forward កាលថ្ងៃសៅរ៍ ទី១៩ ខែមិថុនា។ គេថា មួយគ្រាប់នេះ គឺជាកម្លាំងចិត្តសម្រាប់គេការពង្រឹងខ្លួនដើម្បីមានឱកាសចូលលេងក្នុងប្រកួតបន្តបន្ទាប់ទៀត។

អតីតយុវជនបាទី ថ្លែងបែបនេះ “៖ខ្ញុំរីករាយចំពោះគ្រាប់បាល់ដំបូងនៅព្រះខ័នរាជស្វាយរៀង និងជាគ្រាប់ទី២ដែលខ្ញុំបានទាត់ចូលទ័ព។ វាជាកម្លាំងចិត្តមួយដែលជួយជំរុញខ្ញុំខិតខំព្យាយាមបន្តទៅមុខទៀត ក៏ដូចជាព្យាយាមរកគ្រាប់បាល់បន្ថែមទៀតសម្រាប់ក្រុម។ ខ្ញុំក៏សប្បាយចិត្តដែលគ្រូបង្វឹកមានទំនុកចិត្ត និងផ្ដល់ឱកាសដល់ខ្ញុំបានបង្ហាញសមត្ថភាព។”

នេះក៏ជាគ្រាប់ទី២សម្រាប់អ៊ាន ពិសី ក្នុងសំណាញ់ទីសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បន្ទាប់ពីធ្លាប់ទាត់ចូលកាលលេងនៅក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៨ឆ្នាំ ដែលកាលណោះជាជំនួប Metfone Cambodian League។ 

គ្រាប់បាល់របស់អ៊ាន ពិសី សម្រាប់ព្រះខ័នរាជស្វាយរៀងត្រូវបានតាមស្មើដោយការទាត់បាល់ពិន័យ១១ម៉ែត្រពីខ្សែបម្រើប្រយុទ្ធ Romario Alves ធ្វើឲ្យការប្រកួតបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា១ទល់នឹង១ និងឈានដល់ការទាត់បាល់កាត់សេចក្ដី១១ម៉ែត្រ។ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទបានយកឈ្នះលើការទាត់បាល់កាត់សេចក្ដីនេះដោយលទ្ធផល៣ទល់នឹង៥ ហើយឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ League Cup 2021 By Forward។ 

គួរដឹងដែរថា អ៊ាន ពិសី បានផ្ទេរទៅព្រះខ័នរាជស្វាយរៀងជាមួយអតីតយុវជនសាលាបាល់ទាត់ជាតិបាទី២រូបទៀត គឺ ជូ ស៊ិនទិ និងរី លាភផេង ដើមរដូវកាល២០២១។ ពិសីដែលមានកំណើតនៅខេត្តតាកែវ បង្ហើបបន្ថែមថា អាចសម្របខ្លួនបាន៨០ភាគរយហើយក្នុងក្រុមថ្មីដែលសម្បូរដោយកីឡាករល្អៗ និងបទពិសោធច្រើនមួយនេះ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania