អាំ សុវណ្ណារ៉ាត់ “៖ អង្គរថាយហ្គឺរឆ្នាំនេះខុសប្លែកពីឆ្នាំមុនច្រើន”

06 Jul 2021 09:51

570

Share :


អ្នកចាំទីព្រះខ័នរាជស្វាយរៀង អាំ សុវណ្ណារ៉ាត់ មើលឃើញថា អង្គរថាយហ្គឺរនៅរដូវកាល២០២១នេះពិតជាមានភាពខុសប្លែកពីឆ្នាំមុនច្រើន ជាពិសេសតំបន់ប្រយុទ្ធ មានការរៀបចំបានល្អជាងឆ្នាំមុន។ គេថា ទោះមានការផ្លាស់ប្ដូរច្រើន ជាពិសេសបរទេស តែមើលទៅ កីឡាករអង្គរថាយហ្គឺរពិតជាសហការគ្នាបានល្អ។

សុវណ្ណារ៉ាត់លើកឡើងបែបនេះ “៖ឆ្នាំហ្នឹង អង្គរថាយហ្គឺរខុសប្លែកពីឆ្នាំមុន ដោយពួកគេមានការរៀបចំបានល្អ ជាពិសេសកីឡាករបរទេសតែម្ដង។ មានការផ្លាស់ប្ដូរកីឡាករច្រើន ជាពិសេសបរទេស តែមើលទៅ ទាំងខ្មែរ និងបរទេសលេងចូលគ្នាបានល្អមែនទែន ហើយបរទេសពួកគាត់សុទ្ធតែមានគុណភាពទៀត អ៊ីចឹងខ្ញុំគិតថា អង្គរថាយហ្គឺរ ឆ្នាំនេះខ្លាំងជាងឆ្នាំមុន។”

ដោយឡែក អំឡុងការសម្រាកក្របខណ្ឌ Metfone Cambodian League កន្លងទៅ អតីតអ្នកចាំទី U19 ជម្រើសជាតិកម្ពុជា គិតថា វាជារឿងល្អដែរដែលក្រុមគេបានចូលរួមការប្រកួតពានរង្វាន់ League Cup 2021 By Forward ដើម្បីជាឱកាសរក្សាគុណផលក្នុងក្រុម។ យ៉ាងណា គេថា ថាយហ្គឺរក៏អាចមានចំណុចល្អខ្លះដែរដែលពួកគេមិនមានកីឡាករជាប់ភារកិច្ចជម្រើសជាតិ ដូច្នេះពួកគេអាចមានពេលរៀបចំក្រុមជុំគ្នាបានល្អ។ 

គិតត្រឹមពេលនេះ អង្គរថាយហ្គឺរមិនទាន់ចាញ់ទេពីការប្រកួត៥លើក ដោយឈ្នះ៤ និងស្មើ១ ឈរនៅកំពូលតារាងបណ្ដោះអាសន្នមាន១៣ពិន្ទុ។ ចំណែកព្រះខ័នរាជស្វាយរៀងកំពុងស្ថិតនៅលេខ៤ មាន៩ពិន្ទុ ពីការប្រកួត៤លើកដោយឈ្នះ៣ និងចាញ់១។ 

ការប្រកួតរវាងក្រុមទាំង២នឹងធ្វើឡើងនៅថ្ងៃអង្គារ ទី០៦ ខែកក្កដា វេលាម៉ោង៦ល្ងាច នាកីឡដ្ឋានខេត្តស្វាយរៀង។ ដោយសារតែលេងលើដីខ្លួនឯង អាំ សុវណ្ណារ៉ា មានទំនុកចិត្ត ព្រះខ័នរាជស្វាយរៀងអាចបញ្ឈប់ភាពមិនចាញ់របស់អង្គរថាយហ្គឺរ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania