ជួង មករា សរសើរការលេងរបស់រៀមច្បង វឌ្ឍនាកា តែថា គិរីវង់ក៏ត្រៀមរួចរាល់ដែរសម្រាប់ជំនួបបឹងកេត

10 Jul 2021 07:30

1242

Share :


ខ្សែការពារគិរីវង់សុខសែនជ័យ ជួង មករា បង្ហើបថា សមាជិកទាំងអស់បានតាមដានការលេងរបស់បឹងកេត និងចាន់ វឌ្ឍនាកា យ៉ាងម៉ត់ចត់ មុនក្រុមទាំង២ជួបគ្នានៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា នៃការប្រកួតបាល់ទាត់ Metfone Cambodian League។ 

ជួង មករា ដែលលេងនៅបឹងកេតរដូវកាល២០២០ទទូចថា ក្រុមចាស់របស់គេមួយនេះពិតជាធ្វើបានល្អ ហើយរៀមច្បង ចាន់ វឌ្ឍនាកា ក៏បញ្ចេញសមត្ថភាពបានល្អឡើងវិញ។ អតីតយុវជនបាទីដដែលអះអាងថា កីឡាករគ្រប់រូបនឹងព្យាយាមអស់ពីលទ្ធភាពដើម្បីរារាំងបឹងកេត។

មករា លើកឡើងបែបនេះ “៖ដូចឃើញអ៊ីចឹង បឹងកេតប៉ុន្មានប្រកួតចុងក្រោយឈ្នះគេរហូត ហើយបងកាក៏បានប្រមូលកម្លាំងបានល្អឡើងវិញ ហើយការបញ្ចប់ទីរបស់គាត់ក៏ល្អឡើងវិញ។ គាត់ពីមុនបានត្រលប់មកវិញហើយ។ ខ្ញុំពិតជាទទួលស្គាល់ចំពោះការបញ្ចប់ទីរបស់គាត់។ យើងបានមើលវីដេអូនៃការបញ្ចប់ទីរបស់គាត់ ហើយយើងក៏បានស្វែងយល់ខ្លះៗដែរ យើងនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។”

ជួង មករា ក៏បានបង្ហាញអារម្មណ៍រីករាយចំពោះការវិលត្រលប់ទៅកីឡដ្ឋាន Cambodia Airways ប៉ះបឹងកេត ក្នុងនាមជាគូប្រជែងវិញម្ដងបែបនេះ។ គេថា នឹងខំប្រឹងអស់ពីសមត្ថភាព ដើម្បីយកជ័យជម្នះត្រលប់ទៅខេត្តតាកែវវិញ។

តាំងពីក្របខណ្ឌ Metfone Cambodian League ដំណើរការឡើងវិញក្រោយចប់សម្រាកមួយខែមក បឹងកេតប្រកួតបាន២លើកហើយដោយឈ្នះព្រៃវែង និងអាស៊ីអឺរ៉ុបយូណាយធីត។ ចំណែកគិរីវង់សុខសែនជ័យមិនទាន់ប្រកួតនៅឡើយទេ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania