ចំណាប់អារម្មណ៍គ្រូអង្គរថាយហ្គឺរ និងអគ្គិសនីកម្ពុជាមុនការប្រកួត MCL

11 Jul 2021 16:17

1154

Share :


អង្គរថាយហ្គឺរនឹងទទួលភ្ញៀវអគ្គិសនីកម្ពុជាសម្រាប់ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League រដូវកាល២០២១នៅថ្ងៃចន្ទ ទី១២ ខែកក្កដា នាកីឡដ្ឋាន SRU វេលាម៉ោង៣និង៣០នាទីរសៀល។

លោក Oriol Mohedano គ្រូបង្គោលអង្គរថាយហ្គឺរឲ្យដឹងថា ការប្រកួតក្នុងទឹកដីខ្លួនឯងពិតជាផ្ដល់កម្លាំងចិត្តយ៉ាងសំខាន់ ជាពិសេសលើទឹកដីខេត្តសៀមរាបទាំងមូល។ លោកថា ការប្រកួតតទល់អគ្គិសនីកម្ពុជាពិតជាសំខាន់ដើម្បីបន្តលទ្ធផលដែលធ្លាប់ធ្វើបានក្នុងការប្រកួតមុនៗ។

ជុំវិញការប្រកួតតទល់អគ្គិសនីកម្ពុជាដដែល គ្រូបង្វឹកជនជាតិអេស្ប៉ាញ អះអាងមិនខ្វាយខ្វល់ពីប្រវត្តិជួបគ្នាលើកមុនទេ ដោយលោកនៅតែបន្តការគោរពចំពោះគូប្រកួត និងចំពោះអគ្គិសនីដែលប្រើតែកីឡាករខ្មែរ។ លោកថា នឹងរៀបចំកូនក្រុមរបស់លោកលេងឲ្យល្អបំផុត។ លោកក៏នឹងព្យាយាមប្រយ័ត្នការទាត់ពីចម្ងាយ និងការវាយបកពីកូនក្រុមលោក មាស សំអឿន ដែរ។

ទាក់ទងលទ្ធផលល្អ៦ប្រកួតចុងក្រោយ អតីតគ្រូបង្គោលភ្នំពេញក្រោនពិតជារីករាយ តែពេលនិយាយដល់ការឈ្នះជើងឯក លោកថា មានរៀងរាល់ឆ្នាំ។ អ្វីសំខាន់នោះ គឺត្រូវព្យាយាមលេងឲ្យបានល្អគ្រប់ការប្រកួត ដូច្នេះវាមិនមែនជារឿងងាយស្រួលទេ។ 

ចំពោះលោក មាស សំអឿន គ្រូបង្គោលអគ្គិសនីកម្ពុជា ទទូចថា អង្គរថាយហ្គឺរពិតជារៀបចំបានល្អក្នុងឆ្នាំ២០២១នេះ ដោយការរុះរើស​មាសភាពក្រុមរបស់ពួកគេពិតជាបានផ្ដល់ផ្លែផ្កាវិជ្ជមានខ្លាំង ជាពិសេសការលេងសហការគ្នាបានយ៉ាងល្អក្នុងក្រុម។ សម្រាប់ក្រុមលោកវិញមានកូនក្រុមមួយចំនួនមានរបួសថែមទៀត។ លោកថា វិធីម្យ៉ាងមានតែការព្យាយាមលេងប្រព័ន្ធការពារវាយបកប៉ុណ្ណោះក្នុងជំនួបជាមួយអង្គរថាយហ្គឺរ។

គួរបញ្ជាក់ថា ៦ប្រកួតកន្លងមកនេះ អង្គរថាយហ្គឺរ មាន១៦ពិន្ទុស្ថិតនៅកំពូលតារាង ខណៈអគ្គិសនីកម្ពុជាមានតែ៣ពិន្ទុប៉ុណ្ណោះ ពោលគឺឈ្នះ១ និងចាញ់៤ពីការប្រកួត៥លើក ស្ថិតនៅលេខ១១៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania