កីឡាករព្រះខ័នរាជពីរនាក់, បឹងកេតពីរនាក់ និងសូលទីឡូម្នាក់ជាប់ពិន័យត្រូវអវត្តមាននៅ MCL សប្ដាហ៍នេះ

13 Sep 2019 14:07

2878

Share :


ប្រធានក្រុមព្រះខ័នរាជស្វាយរៀង សឿយ វិសាល និងដៃគូ Jonny Campbell មិនអាចជួយក្រុមពេលប៉ះគ្នាជាមួយយុវជនសាលាបាល់ទាត់ជាតិបាទី ក្នុងជំនួប Metfone Cambodian League នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា បានទេ ដោយសារជាប់ពិន័យ ក្រោយទទួលបានកាតលឿងជាលើកទី៣រៀងៗខ្លួន។

Campbell បានកាតលឿងពីរសន្លឹកពេលប៉ះភ្នំពេញក្រោន និងវិសាខា នៅជុំទីមួយ និងកាតលឿងទី៣ពេលជួបបឹងកេតជើងទីពីរ។ ចំណែកមិត្តរួមក្រុម សឿយ វិសាល បានកាតលឿងពេលប៉ះភ្នំពេញក្រោន, នគរបាលជាតិ និងបឹងកេត។ 

កីឡាករពីររូបទៀត គឺ Dudu និង Julius Oiboh របស់់បឹងកេតក៏ជួបករណីដូចអ្នកទាំងពីរខាងលើដែរ ហើយមិនអាចចូលលេងពេលទទួលភ្ញៀវអាស៊ីអឺរ៉ុបយូណាយធីត នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា នៅកីឡដ្ឋាន Cambodia Aiway។ 

Dudu បានកាតលឿងដំបូងពេលប៉ះអាស៊ីអឺរ៉ុបយូណាយធីត នៅជុំទីមួយ បន្តដោយកំពង់ចាម និងព្រះខ័នរាជស្វាយរៀង នៅជុំទីពីរ។ សម្រាប់មិត្តរួមក្រុម Julius បានកាតលឿងពេលប៉ះភ្នំពេញក្រោន ទាំងជុំទីមួយ និងទីពីរ ខណៈកាតលឿងទី៣ គឺពេលជួបព្រះខ័នរាជស្វាយរៀង។ 

ចុងក្រោយ គឺកីឡាករ Yuta Kikuchi ដែលបានកាតលឿងពេលជួបអគ្គិសនីកម្ពុជា នៅជុំទីមួយ និងគិរីវង់សុខសែនជ័យ និងភ្នំពេញក្រោន នៅជុំទីពីរ ត្រូវអវត្តមានពេលសូលទីឡូអង្គរ ជួបអគ្គិសនីកម្ពុជា នៅថ្ងៃសៅរ៍ ទី១៤ កញ្ញា៕

 

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania