ប្រាក់ ចាន់រតនា ទុកការចាញ់បឹងកេតចុងម៉ោងជាមេរៀនដ៏សំខាន់សម្រាប់គិរីវង់

14 Jul 2021 10:50

518

Share :


ខ្សែបម្រើ ប្រាក់ ចាន់រតនា ទទូចថា ការចាញ់បឹងកេតចុងម៉ោងកាលថ្ងៃសៅរ៍ ទី១០ ខែកក្កដា ក្នុងការប្រកួត Metfone Cambodian League ជាមេរៀនដ៏សំខាន់មួយសម្រាប់ក្រុមគិរិវង់សុខសែនជ័យរបស់គេ ក៏ដូចជាដាស់តឿនក្រុមទាំងអស់ឲ្យចេះប្រុងប្រយ័ត្នគ្រប់វិនាទី ពោលប្រសិនបើសម្លេងកញ្ចែមិនទាន់បន្លឺបញ្ចប់ការប្រកួត មិនត្រូវប្រហែសឡើយ។

អតីតកីឡាករណាហ្គាវើលដ៍ និងសូលទីឡូអង្គរថ្លែងបែបនេះ “៖នេះជាការចងចាំមួយជីវិតក្នុងបាល់ទាត់។ តែយើងប្រហែសវិនាទីណាក៏ដោយ នឹងអាចត្រូវគ្រោះថ្នាក់។ គ្រាប់បាល់ចុងម៉ោងហ្នឹងវាធ្វើឲ្យយើងមានភាពឈឺចាប់។ វាក៏ជាមេរៀនឲ្យយើងចេះរៀបចំម៉េចចុងម៉ោងហ្នឹង កុំឲ្យមានបញ្ហាដូចថ្ងៃប្រកួតជាមួយបឹងកេតហ្នឹង។”

ពេលសួរថាតើគិរីវង់ផ្ដោតលើការពារច្រើនដូចអ្នកទស្សនាមួយចំនួននិយាយឬយ៉ាងណា ខ្សែបម្រើធ្លាប់ជាប់ជម្រើសជាតិកម្ពុជារូបនេះអះអាងថា មិនបានចតឡានក្រុងទេ ដោយគ្រាន់តែគ្រូបង្វឹកឲ្យព្យាយាមបិទការ cross ពីស្លាបទាំងសងខាងរបស់បឹងកេត ហើយលេង counter attack។ គេថា ក្រុមរបស់គេមានឱកាសល្អៗមួយចំនួនដែរ តែមិនអាចសម្រេចទីបាន។ ប្រសិនបើគិរីវង់មានគ្រាប់បាល់មុន គេគិតថា អ្វីៗនឹងអាចប្រែប្រួល។

ជុំវិញការប្រកួតតទល់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទវិញ រតនា មើលឃើញថា ក្រុមគូប្រជែងមួយនេះមានការលេងប្រែប្រួលជាងរដូវកាលមុនច្រើន ជាពិសេសក្រោយការមកដល់របស់អ្នកចាត់ការក្រុមថ្មី Lee Tae-hoon ដោយឆ្នាំនេះពួកគេព្យាយាមលេង press ក៏ខ្លាំង និងការពារក៏ខ្លាំង។

ប្រាក់ ចាន់រតនា លម្អិត “៖ ទ័ពគេប្រែប្រួលច្រើន។ ការលេងរបស់ពួកគេ press ខ្លាំង ព្រោះដឹងហើយថា លោកគ្រូ Lee ចូលចិត្តលេងការពារខ្លាំង ម្នាក់ៗហាត់ខ្លាំង ដូចខ្ញុំធ្លាប់ហាត់ជាមួយគាត់ ខ្ញុំដឹង។ គាត់ការពារខ្លាំង លេង press ជាក្រុមខ្លាំង press លឿន។”

គួរបញ្ជាក់ថា គិរីវង់សុខសែនជ័យនឹងទទួលភ្ញៀវសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទនៅថ្ងៃពុធ ទី១៤ ខែកក្កដា ក្នុងការប្រកួត Metfone Cambodian League៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania