ជា វ៉ាន់សាក់ រំឭកអនុស្សាវីរយ៍កាលនៅវិសាខាមុនប៉ះក្រុមចាស់

15 Jul 2021 09:25

740

Share :


ការរួមចំណែកឈ្នះជើងឯក Cambodian League 2 កាលឆ្នាំ២០១៧ ឡើងទៅកាន់ក្របខណ្ឌ Metfone Cambodian League រដូវកាល២០១៨ ជាអនុស្សាវរីយ៍ដ៏ពិសេសមួយដែលជា វ៉ាន់សាក់ ទទួលបានកាលលេងនៅវិសាខា។ គេថា មានឱកាសជាប់ជម្រើសជាតិទាំងកម្រិតយុវជន និងក្រុមធំ ក៏ទទួលបាននៅក្រុមចាស់នេះដែរ។ តែយ៉ាងណា អ្វីដែលសំខាន់នាបច្ចុប្បន្ន គឺប្រឹងប្រែងអស់ពីសមត្ថភាពនៅក្រុមថ្មីអង្គរថាយហ្គឺរ។

អតីតអ្នកចាំទីវិសាខា រៀបរាប់ “៖ អ្វីដែលខ្ញុំចងចាំមិនភ្លេច គឺរួមចំណែកជួយវិសាខាឈ្នះជើងឯកលីគ២ ឡើងទៅលីគកំពូលហ្នឹងឯង។ ខ្ញុំអាចមានឱកាសជាប់ជម្រើសជាតិក៏នៅវិសាខាហ្នឹងដែរ។ តែឥឡូវនៅអង្គរថាយហ្គឺរឯណេះ ខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅមុខទៀតដើម្បីជោគជ័យនៅក្លិបថ្មី និងទៅរកអ្វីដែលខ្ញុំធ្លាប់មានពីមុនមក។”

គួររំឭកថា ជា វ៉ាន់សាក់ លេងនៅវិសាខា ពីចន្លោះឆ្នាំ២០១៧ដល់២០២០ និងធ្លាប់ជាប់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ដល់ក្រុមធំ។ នៅវិសាខា ឆ្នាំ២០១៧ គេបង្ហាញខ្លួនយ៉ាងជាប់លាប់ក្នុងជម្រើស១១នាក់ដំបូង តែការមកដល់ពី កែវ សុខសិលា ក្នុងឆ្នាំ២០១៨ ធ្វើឲ្យពេលវេលាចូលលេងរបស់គេថយចុះ។ ដាច់រដូវកាល២០២០ អតីតយុវជនព្រះខ័នរាជស្វាយរៀងបានចូលរួមជាមួយអង្គរថាយហ្គឺរ។

នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ជា វ៉ាន់សាក់ នឹងវិលទៅកាន់កីឡដ្ឋានព្រីនស៍ សម្រាប់ជំនួបតទល់ក្រុមចាស់វិសាខាក្នុងក្របខណ្ឌ Metfone Cambodian League។ គេថា សមាជិកគ្រប់រូបនៅអង្គរថាយហ្គឺរបានត្រៀមខ្លួនរួចស្រេចសម្រាប់ការប្រកួតនេះ និងរំពឹងថា អាចទទួលបានលទ្ធផលល្អត្រលប់ទៅខេត្តសៀមរាបវិញ។

គួរដឹងដែរថា ទាំងវិសាខា និងអង្គរថាយហ្គឺរ សុទ្ធតែមិនទាន់ចាញ់ដូចគ្នា។ សម្រាប់ក្រុមម្ចាស់ផ្ទះវិសាខា មាន១២ពិន្ទុពីការប្រកួត៦លើក ដោយឈ្នះ៣ និងស្មើ៣។ ចំណែកអង្គរថាយហ្គឺរ ឈរនៅកំពូលតារាង ដោយ៧ប្រកួតមកនេះ ពួកគេឈ្នះ៦ និងស្មើ១ មាន១៩ពិន្ទុ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania