គិតត្រឹមពេលនេះសល់តែ២ក្រុមទេដែលមិនទាន់ចាញ់សោះនៅ MCL 2021

16 Jul 2021 07:30

1196

Share :


អង្គរថាយហ្គឺរបានស្គាល់បរាជ័យហើយក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League រដូវកាល២០២១ ក្រោយចាញ់វិសាខា ដោយលទ្ធផល៣ទល់នឹង១ នាកីឡដ្ឋានព្រីនស៍ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា។ ក្នុងការប្រកួតនេះ ខ្សែប្រយុទ្ធ Marcus Warren Haber បានតែតបញ្ចូលទីឲ្យវិសាខានាំមុខក្នុងនាទី១៥។ ៥នាទីក្រោយមក Ajayi Opeyemi Korede បញ្ជូនឲ្យ Haber រកបានគ្រាប់ទី២។ 

ចូលដល់វគ្គទី២ ឡុង ភារ៉ាត់ វាយបកបានមួយគ្រាប់ឲ្យក្រុមភ្ញៀវអង្គរថាយហ្គឺរតាមរយៈបាល់ហ្វ្រីឃីកក្នុងនាទី៥៦។ យ៉ាងណា រ៉ឹង ប៊ុនហៀង បង្កើនការនាំមុខ៣ទល់នឹង១ដល់វិសាខា ពីការទាត់មួយជើងពេញទំហឹងយ៉ាងល្អ។ នេះជាបរាជ័យលើកដំបូងសម្រាប់អង្គរថាយហ្គឺរក្នុងរដូវកាល២០២១ ប៉ុន្តែពួកគេនៅតែនាំមុខលើកំពូលតារាងដដែល ពីការប្រកួត៨លើក។ ចំណែកវិសាខាដែលនៅមិនទាន់ចាញ់នៅឡើយ ឈរនៅលេខ២ មាន១៥ពិន្ទុ ពីការប្រកួត៧លើក ក្រោមអង្គរថាយហ្គឺរ៤ពិន្ទុ។ 

នៅខេត្តសៀមរាបឯណោះវិញ ក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរបានប្រកួតចាញ់ក្រុមភ្ញៀវអគ្គិសនីកម្ពុជា០ទល់នឹង១ ដែលគ្រាប់បាល់នេះកើតឡើងពីខ្សែប្រយុទ្ធ ចន្ថា ចន្ទាកា ក្នុងនាទី៣៦។ ការប្រកួតនាកីឡដ្ឋាន Smart RSN កំណត់ត្រា១០០ភាគរយពីការប្រកួត៤លើកកន្លងមករបស់ភ្នំពេញក្រោនត្រូវបានបញ្ចប់ហើយក្នុងការប្រកួតលើកទី៥រដូវកាលនេះ។ ក្រុមរបស់គ្រូបង្គោល Oleg Starynski បានប្រកួតស្មើព្រះខ័នរាជស្វាយរៀង៣ទល់នឹង៣។ 

ខ្សែប្រយុទ្ធកាមេរូន Privat Mbarga បានតែតមួយគ្រាប់ក្នុងនាទី៣៩ និងទាត់មួយគ្រាប់ក្នុងនាទី៤៥ ឲ្យព្រះខ័នរាជស្វាយរៀងនាំមុខ០ទល់នឹង២ តែមុនចប់វគ្គទី១ ពោលនាទី៤៥+២ លឹម ពិសុទ្ធ បានទាត់បញ្ចូលទីតាមពីក្រោយ១ទល់នឹង២វិញ។ ចូលដល់វគ្គទី២ នាទី៦២ លឹម ពិសុទ្ធ ដដែល បានទាត់បញ្ចូលទីមួយគ្រាប់ទៀត មុនប្រាក់ ធីវ៉ា តែតបន្ថែមគ្រាប់ទី៣ ក្នុងនាទី៧៣។ ៧នាទីក្រោយមក ខ្សែប្រយុទ្ធ Robert Lopez Mendy បានទាត់បញ្ចូលទីតាមស្មើសម្រាប់ព្រះខ័នរាជស្វាយរៀង។ 

សរុបមក ក្រោយចប់ការប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា នេះ ក្រុមដែលមិនទាន់ស្គាល់បរាជ័យនោះនៅឡើយ នៅសល់តែវិសាខា និងភ្នំពេញក្រោន៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania