អង្គរថាយហ្គឺររៀបចំសិក្ខាសាលាផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ដល់កីឡាករខ្លួន

15 Sep 2019 20:23

757

Share :


ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានរៀបចំសិក្ខាសាលាពិសេសមួយចែករំលែកមេរៀនស្ដីពីសុវត្ថិភាពលើដងវិថីដល់សមាជិករបស់ខ្លួនកាលរាត្រីថ្ងៃសុក្រ ទី១៣ ខែកញ្ញា ដោយមានការចូលរួមឧទ្ទេសពីអ្នកឯកទេសសុវត្ថិភាពចរាចរណ៍។ 

លោក Yusuke Shinoda អ្នកចាត់ការក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបខាងលើឲ្យដឹងថា ដើមចមដែលក្លិបសម្រេចរៀបចំវគ្គសិក្សានេះឡើងដើម្បីចែករំលែកស្ដីពីការការពារសុវត្ថិភាពពេលធ្វើដំណើរ និងការពារគ្រោះថ្នាក់នៅតាមដងវិថី ហើយម្យ៉ាងក៏ចង់បញ្ជ្រាបចំណេះដឹងទាំងដល់អ្នកគាំទ្រ។

លោក Yusuke Shinoda រៀបរាប់បែបនេះ ៖”នេះជាគំនិតផ្ដួចផ្ដើមពីក្លិបរបស់យើង ជាពិសេសបន្ទាប់ពីកីឡាករពីររូបរបស់យើង គឺ Timothy Okereke និង តាំង ពិសី ជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរនៅឆ្នាំ២០១៩នេះ ដែលធ្វើឲ្យពួកគេសម្រាកព្យាបាលយូរមុនអាចវិលចូលលេងវិញ។ កីឡាករ គឺជាកម្លាំងស្នូលរបស់ក្លិប ដូច្នេះប្រសិនបើកីឡាករមិនបានលេង នឹងប៉ះពាល់ខ្លាំងដល់ក្លិប។ ដូច្នេះយើងគិតថា ប្រសិនបើយើងចង់គាំពារកីឡាករ យើងគួរតែមានកម្មវិធីពិសេសមួយដើម្បីជាចំណេះដឹងសម្រាប់ពួកគេក្នុងការការពារខ្លួន ទាំងក្រុមការងារយើងដែរ។ យើងក៏សង្ឃឹមថា អាចចែករំលែកបទពិសោធទាំងនេះដល់អ្នកគាំទ្ររបស់យើងដែរ”។

ថ្នាក់ដឹកនាំដដែលបង្ហើបថា នាពេលខាងមុខ ក្លិបរបស់លោកអាចនឹងបង្កើតកម្មវិធីនៅក្រៅទីលានពាក់ព័ន្ធនឹងការចែករំលែកបទពិសោធស្ដីពីការបង្ការគ្រោះថ្នាក់ចរាចរណ៍នេះដើម្បីសុវត្ថិភាពដល់ប្រជាពលរដ្ឋ។

គួរដឹងដែរថា អង្គរថាយហ្គឺរ គឺជាក្លិបទីមួយហើយដែលបង្កើតសិក្ខាសាលាស្ដីពីសុវត្ថិភាពលើផ្លូវថ្នល់នេះឡើង ហើយលោក Yusuke Shinoda សង្ឃឹមថា អាចរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania