ឈួត ស៊ិនទៀង និង សៀន សុភ័ក្ត្រា ប្រាប់ពីស្ថានភាពបច្ចុប្បន្នរបស់ខ្លួន

18 Jul 2021 08:02

513

Share :


ខ្សែប្រយុទ្ធអគ្គិសនីកម្ពុជា ឈួត ស៊ិនទៀង ឲ្យដឹងថា គេត្រូវសម្រាកពីទីលានខ្ទង់២ខែដោយសារបញ្ហារបួសកដៃជាលើកទី២អំឡុងហ្វឹកហាត់ ដែលត្រូវឆ្លងកាត់ការវះកាត់។ គេថា នេះជាការរងរបួសកដៃជាលើកទី២ ក្រោយធ្លាប់មានបញ្ហាម្ដងហើយ និងបានទទួលការវះកាត់ក្រោយប្រកួតទល់ណាហ្គាវើលដ៍ដើមរដូវកាល ២០២១។ 

សិនទៀង បញ្ជាក់បែបនេះ “៖ តាមពិតខ្ញុំរបួសកដៃម្ដងហើយ ហើយទៅវះក្រោយប្រកួតជាមួយណាហ្គាវើលដ៍កាល២ខែមុន ដល់វះហើយសម្រាកខ្ទង់មួយខែ។ ដល់ពេលចូលហាត់វិញ ក៏រអិលដួល ឈឺដៃម្ដងទៀត ហើយក៏វះម្ដងទៀត។ ឥឡូវសម្រាកប្រហែល២ខែទៀតទើបចូលហាត់វិញ។”

ចំណែកមិត្តរួមក្រុម សៀន សុភ័ក្ត្រា វិញប្រាប់ថា គេអាចនឹងចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុមឯទៀតអំឡុងសប្ដាហ៍ក្រោយ បន្ទាប់ពីសម្រាកមួយរយៈពីបញ្ហារបួសសរសៃពួរ។ គេថា ធ្លាប់មានបញ្ហាស្រទាប់ឆ្អឹងជង្គង់នៅដើមរដូវកាលនេះ តែក្រោយចូលលេងបានមួយប្រកួត ក៏មានបញ្ហាសរសៃពួរថែមទៀត។ 

អតីតយុវជនសាលាបាល់ទាត់បាទីបញ្ជាក់ “៖ ហ្នឹងហើយបង របួសមិនទាន់ជាស្រួលបួល។ ចូលលេងបានមួយប្រកួត តែឥឡូវឈឺទៀត។ ដំបូងឡើយរបួសប្រេះស្រទាប់ឆ្អឹងជង្គង់ ហើយជាហើយ តែឥឡូវមកឈឺសរសៃពួរក្រោយវិញ។ តែវាអត់សម្រាកយូរអីប៉ុន្មានទេ សប្ដាហ៍ក្រោយអីអាចចូលហាត់វិញបាន។”

តាមពិតទៅ ឈួត ស៊ិនទៀង និងសៀន សុភ័ក្ត្រា មិនមែនជាកីឡាករអគ្គិសនីតែ២នាក់នេះទេដែលមានបញ្ហារបួស។ ទន្ទឹមនឹងនេះ ខ្សែបម្រើ ឃុន សេងថៃ ក៏បានសម្រាកពីទីលានមួយខែមកហើយដែរដោយសាររបួស។ អវត្តមានកីឡាករសំខាន់ៗមួយចំនួននេះ បានជះផលមិនសូវល្អដល់ក្រុម។ ជាក់ស្ដែង ៧ប្រកួតកន្លងមក អគ្គិសនីកម្ពុជា ទើបទទួលបាន៦ពិន្ទុក្នុងក្របខណ្ឌ Metfone Cambodian League 2021៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania