Romario “៖បឹងកេតនៅតែជាក្រុមខ្លាំង”

18 Jul 2021 10:08

800

Share :


ទោះប៉ុន្មានប្រកួតដំបូងនៅក្របខណ្ឌ Metfone Cambodian League 2021 របស់បឹងកេតហាក់មិនសូវដូចរដូវកាលមុន ខ្សែបម្រើប្រយុទ្ធប្រេស៊ីល Romario Alves របស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទនៅតែគិតថា បឹងកេតនៅតែជាក្រុមដ៏ខ្លាំងមួយ ព្រោះពួកគេមានកីឡាករល្អៗ និងជម្រើសជាតិច្រើន។ យ៉ាងណា គេថា Tiffy Army ក៏បានបង្ហាញភាពខ្លាំង និងការរីកចម្រើនដែរ។

មុនជំនួបជាមួយបឹងកេតនៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា Romario បន្ថែមថា ការៀបចំរបស់ក្រុមគេពិតជាបានល្អ ហើយកំពុងតែអនុវត្តទៅតាមទស្សនវិស័យថ្មីរបស់គ្រូបង្វឹកថ្មី។ គេរំពឹងថា ការប្រកួតនៅថ្ងៃនេះនឹងពិសេសមិនខាន ដោយសារតែក្រុមដ៏ខ្លាំង២នឹងត្រូវប៉ះគ្នា។

Romario រៀបរាប់ “៖ ការរៀបចំរបស់យើងពិតជាបានល្អខ្លាំងណាស់។ យើងកំពុងតែធ្វើតាមនូវរបៀបលេងថ្មី និងទស្សនវិស័យថ្មីដែលគ្រូបង្វឹកថ្មីបានរៀបចំ គឺពិតជាល្អ។ សម្រាប់ការប្រកួតជាមួយបឹងកេត យើងសង្ឃឹមថា វាជាការប្រកួតដ៏រំភើបរវាងក្រុមខ្លាំង២។ បឹងកេតមានកីឡាករល្អៗ គុណភាពខ្ពស់ និងខ្លាំងៗ។ កីឡាករជម្រើសជាតិរបស់ពួកគេក៏បាននៅជុំគ្នាជាច្រើន។ វាពិតជារឿងងាយស្រួលមួយ។ ពិតមែនថា មួយរយៈនេះមិនដូចពីរដូវកាលមុន ប៉ុន្តែកីឡាករពួកគេនៅដដែល ហើយក៏បន្តភាពខ្លាំងដដែល។ យ៉ាងណា សម្រាប់ក្រុម Tiffy Army យើងនៅតែរក្សាការគោរព និងបង្ហាញពីភាពខ្លាំងបន្តពីឆ្នាំមុន និងការវិវឌ្ឍខ្លួនទៅមុខក្នុងឆ្នាំនេះ។ យើងនឹងបង្ហាញថា យើងបានរីកចម្រើនប៉ុនណាហើយ។”

Romario ទទួលស្គាល់ពិតជាពិបាកក្នុងការស្វែងរកជ័យជម្នះលើកដំបូងនៅ Cambodia Airways ចាប់ពីកីឡដ្ឋានរបស់បឹងកេតមួយនេះដំណើរការឡើងក្នុងខែកក្កដា ឆ្នាំ២០១៩។ ប៉ុន្តែគេថា មានតែការប្រឹងប្រែងប៉ុណ្ណោះ ដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ថា បឹងកេតនឹងទទួលភ្ញៀវសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ នាកីឡដ្ឋាន Cambodia Airways វេលាម៉ោង៣និង៣០នាទីរសៀល៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania