FFC, CNCC និង J-League រៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្តីអំពីដំណើរការប្រកួតក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩

18 Jul 2021 21:13

586

Share :


ក្រោមកិច្ចសហការរវាង FFC, CNCC និង J-League សិក្ខាសាលាស្តីអំពី ដំណើរការប្រកួតក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ J-League ត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ (Zoom) ដោយក្រុមហ៊ុន J.League របស់ប្រទេសជប៉ុន និងចែករំលែកបទពិសោធរវាង លីគកម្ពុជា និងជប៉ុន ដោយមានការចូលរួមពីតំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា និងក្លិបបាល់ទាត់អាជីពទាំង១៣នៃមិត្តហ្វូនខេមបូឌានលីគ។

មុនចាប់ផ្តើមសិក្ខាសាលាតាមរយៈប្រព័ន្ធអនឡាញ (Zoom) នេះ លោក ឡាយ សុធា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណដល់ J-League ចំពោះការផ្ដួចផ្ដើមរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើងដើម្បីចែករំលែកបទពិសោធពីការរៀបចំការប្រកួតបាល់ទាត់នៅជប៉ុនក្នុងបរិបទដែលមានការរាលដាលជំងឺកូវីដ១៩។ លោកក៏បានអរគុណ CNCC និងតំណាងក្លិបទាំង១៣នៃក្របខណ្ឌ Metfone Cambodian League ដែលបានខិតខំចំណាយពេលដ៏មានតម្លៃចូលរួម និងសង្ឃឹមថា ទទួលបានបទពិសោធថ្មីៗពីជប៉ុនថែមទៀតដើម្បីយកមកអនុវត្តក្នុងដំណើរការប្រកួតលីគកំពូលកម្ពុជាក្នុងបរិបទកូវីដ១៩។

ជាបន្ទាប់ Mr. Shusaku Yamashita, General Manager International Department of Japan Professional Football League និង Mr. Kentaro Nakamura, Leader of Office for Response to thd Covid-19 Management Division of Chairman's Direct Officers បានធ្វើបទបង្ហាញអំពីដំណើរការប្រកួតក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ J-League និងការរៀបចំរបស់ក្លិបប្រកួតក្នុងក្របខណ្ឌលីគជប៉ុន នាឆ្នាំ២០២០ កន្លងទៅ ។ 

ក្នុងឱកាសនោះផងដែរ លោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិ CNCC បានចែករំលែកបទពិសោធរបស់លីគកម្ពុជា ទៅកាន់ជប៉ុនផងដែរថា៖ “វិធានណែនាំបង្ការជំងឺកូវីដ-១៩ នៅក្នុងដំណើរការការប្រកួតនៅកម្ពុជា ក៏មានលក្ខណៈមិនសូវជាខុសគ្នាពីប្រទេសជប៉ុនដែរ ។ លីគកម្ពុជាមុនការប្រកួត៥៨ ឬ៧២ម៉ោងថ្ងៃ កីឡាករ ព្រមទាំងគ្រូបង្វឹក និងក្រុមការងារត្រូវឆ្លងកាត់ការធ្វើសំណាកដោយឧបករណ៍តេស្ដរហ័ស (Rapid Test) ប្រសិនបើឃើញអវិជ្ជមានទាំងអស់គ្នា នោះពួកគេអាចចូលរួមការប្រកួតធម្មតា ។ ផ្ទុយទៅវិញ ក្នុងករណីមានអ្នកវិជ្ជមានម្នាក់ នោះនឹងមានការធ្វើតេស្ដសាជាថ្មីលើកទីពីរ ៤៨ម៉ោងបន្ទាប់ ឬ៧២ម៉ោងក្រោយ នៃការតេស្ដលើកទីមួយ ។ ប្រសិនបើនៅតែមានករណីវិជ្ជមាន នោះការប្រកួតនឹងត្រូវលើកពេល ហើយកីឡាករត្រូវធ្វើតាមនីតិវិធីក្រសួងសុខាភិបាល ។ គ្រាន់តែថាក្នុងករណីសិក្សាតាមរយៈការតេស្តលើកទីពីរនៅតែមានអ្នកវិជ្ជមានឃើញថា សង្ស័យមានការឆ្លងលឿនក្នុងក្រុម (Cluster) កីឡាករទាំងអស់ត្រូវទៅធ្វើតេស្តធំ (PCR Test) នៅតាមទីកន្លែងយកសំណាករបស់ក្រសួងសុខាភិបាល ហើយអ្នកវិជ្ជមាននឹងត្រូវយកទៅការព្យាបាលដោយឥតគិតថ្លៃ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់បុគ្គលគ្រប់រូបនៅក្នុងប្រទេសកម្ពុជា ឯនៅប្រទេសជប៉ុនគឺ លីគជប៉ុន ឬក្លិបជាទទួលខុសត្រូវលើការចំណាយ PCR Test និងការព្យាបាល ។ ហើយក្រោយជាសះស្បើយបុគ្គលនោះត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃថែមបន្ទាប់ទៀត ទើបអាចវិលចូលរួមការប្រកួតវិញបាន បើក្នុងករណីមិនមានការប្រព្រឹត្តផ្ទុយពីច្បាប់កូវីដ-១៩ នៃព្រះរាជាណាចក្រកម្ពុជាដែរផងនោះ ។”

គួរបញ្ជាក់ថា សិក្ខាសាលាដែលត្រូវបានរៀបចំឡើងកាលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីតំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ក្លិបបាល់ទាត់អាជីពទាំង១៣នៃ Metfone Cambodian League និង J-League ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania