Marcio Marques រីករាយចំពោះការលេងរបស់ខ្លួន និងមិត្តរួមក្រុម

19 Jul 2021 13:49

376

Share :


ខ្សែប្រយុទ្ធ Marcio Marques រកបាន៨គ្រាប់ហើយសម្រាប់ណាហ្គាវើលដ៍ ក្នុងក្របខណ្ឌ Metfone Cambodian League រដូវកាល២០២១។ គេថា ពិតជារីករាយដែលអាចធ្វើបានល្អនិងអាចបង្កើនចំនួនគ្រាប់បាល់ប្រៀបធៀបទៅនឹងប៉ុន្មានប្រកួតដំបូងក្នុងរដូវកាល២០២០។ គេសម្លឹងឆ្ពោះទៅកាន់ការប្រកួតបន្ទាប់ ហើយជឿថានឹងអាចរកបានលទ្ធផលល្អថែមទៀត។

កីឡាករជនជាតិប្រេស៊ីលដដែលបន្ថែមថា ណាហ្គាវើលដ៍មានការរៀបចំបានល្អប្រសើរក្នុងរដូវកាលនេះ ហើយបូករួមទាំងការកើនទំនុកចិត្ត និងការផ្ដោតលើតំណែងជើងឯកក្នុងឆ្នាំនេះ បានធ្វើឲ្យសមាជិកគ្រប់រូបរួមគ្នាបានល្អ ជាពិសេសេនៅលើទីលាន។

Marcio រៀបរាប់ “៖ ខ្ញុំពិតជាសប្បាយចិត្តដែលធ្វើបានល្អ ហើយអាចបង្កើនចំនួនគ្រាប់បាល់។ ខ្ញុំនឹងផ្ដោតលើការប្រកួតបន្តបន្ទាប់ទៀត ហើយជឿថា នឹងអាចរកបានលទ្ធផលល្អថែមទៀត។ ចំពោះការលេងក្នុងក្រុម យើងមានការរៀបចំបានល្អប្រសើរ។ ខ្ញុំឃើញមិត្តរួមក្រុមមានទំនុកចិត្ត និងផ្ដោតលើការប្រជែងជើងឯក។ ខ្ញុំជឿថា វាធ្វើឲ្យយើងរួមគ្នាបានល្អ ហើយវាពិតជារឿងសំខាន់នៅលើទីលាន។”

ក្នុងរដូវកាល២០២០ដែលជាឆ្នាំដំបូងរបស់ Marcio Marques នៅកម្ពុជា គេរកបានសរុប១១គ្រាប់។ ដោយឡែកប៉ុន្មានប្រកួតចុងក្រោយ រដូវកាល២០២១នេះ ទោះអវត្តមាននៅប្រកួតដំបូងៗដោយសារបញ្ហារបួស គេបានវិលត្រលប់មកវិញជាមួយនឹងភាពលេចធ្លោ ដោយអាចរកបានគ្រាប់បាល់ជាបន្តបន្ទាប់។

ទាក់ទងទៅនឹងការលេងនៅកម្ពុជាវិញ កីឡាករធ្លាប់ប្រកបអាជីពនៅលីគកំពូលវៀតណាមមានអារម្មណ៍សប្បាយចិត្ត និងថា ជាកន្លែងដ៏ល្អមួយសម្រាប់អាជីពរបស់គេដែលអាចជួយដល់គុណផល និងទំនុកចិត្តរបស់គេ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania