ពេជ្រ សុវណ្ណខេមរិន្ទ្រ និងតាំង សុភ័ក្ត្រ រំឭករឿងរ៉ាវល្អៗកាលនៅថាយហ្គឺរ មុនប៉ះគ្នាថ្ងៃនេះក្នុងនាមជាគូប្រជែង

20 Jul 2021 11:16

469

Share :


អង្គរថាយហ្គឺរនឹងទទួលស្វាគមន៍ណាហ្គាវើលដ៍សម្រាប់ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League 2021 នៅរសៀលថ្ងៃអង្គារ ទី២០ ខែកក្កដា នេះនាកីឡដ្ឋាន S.R.U។ 

បើនិយាយពីក្រុមភ្ញៀវណាហ្គាវើលដ៍វិញមានកីឡាករ២រូបដែលបានចូលរួមពីអង្គរថាយហ្គឺរក្នុងរដូវកាល២០២១នេះ។ អ្នកទាំង២ គឺខ្សែប្រយុទ្ធ តាំង សុភ័ក្ត្រ និងខ្សែប្រយុទ្ធ ពេជ្រ សុវណ្ណខេមរិន្ទ្រ។ សុភ័ក្ត្រ បានចំណាយពេលនៅថាយហ្គឹរតាំងពីឆ្នាំ២០១៤ដែលកាលណោះត្រូវបានគេស្គាល់ថាជាក្លិបត្រាយអាស៊ីភ្នំពេញ។ គេមិនសូវបាត់មុខឡើយក្នុងក្រុមដែលមានម្ចាស់ជាជនជាតិជប៉ុនមួយនេះ និងមានឱកាសជាប់ជម្រើសជាតិកម្ពុជាទៀតផងកាលឆ្នាំ២០១៧។ 

សុភ័ក្ត្រ អះអាងមានអនុស្សាវរីយ៍ល្អៗច្រើន ហើយរឿងដែលគេចងចាំបំផុតគឺការប្រកួតពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលឆ្នាំ២០១៨ ដែលកាលណោះពួកគេចាញ់ក្រុមភ្នំពេញក្រោនក្នុងជើងទីមួយ តែអាចវាយបកតាមស្មើ និងឈ្នះដោយបាល់កាត់សេចក្ដី១១ម៉ែត្រក្នុងជើងទី២នៅ RSN វិញ។ ជាមួយគ្នានេះ ក្នុងរយៈពេល៧ឆ្នាំ អង្គរថាយហ្គឺរក៏បានជួយជ្រោមជ្រែងរូបគេច្រើនតាំងពីក្លិបបោះទីតាំងនៅភ្នំពេញរហូតដល់ទៅដល់ខេត្តសៀមរាប។ គេថា ក្លិបតែងតែលើកទឹកចិត្ត និងឲ្យគេខិតខំប្រឹងប្រែងឲ្យបានជាប់ជម្រើសជាតិ ដើម្បីមុខមាត់ក្លិប និងខ្លួនឯងដែរ។ ក្លិបបានផ្ដល់កាដូពិសេសទៀតពេលរូបគេជាប់ជម្រើសជាតិ។

ចំណែក ពេជ្រ សុវណ្ណខេមរិន្ទ្រ ដែលលេងនៅអង្គរថាយហ្គឺរពីចន្លោះឆ្នាំ២០១៧ដល់ដាច់រដូវកាល២០២០ ក៏មានការចងចាំល្អៗច្រើនក្រុមនេះ។ មិនខុសពី តាំង សុភ័ក្ត្រ គេពិតជាមិនអាចបំភ្លេចបានកាលវាយបកឈ្នះភ្នំពេញក្រោន ដែលពេលនោះគេរកបាន២គ្រាប់ និងទាត់១១ម៉ែត្រកាត់សេចក្ដីចូលទៀតពេលលេងជើងទី២ ក្នុងពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨។ គេក៏បានជាប់ជម្រើសជាតិដែរក្នុងឆ្នាំ២០១៧។ 

ខ្សែប្រយុទ្ធមានកំណើតនៅខេត្តសៀមរាបអះអាងមានទំនាក់ទំនងល្អជាមួយគ្រប់ៗគ្នាក្នុងក្រុមចាស់ ហើយក្លិបក៏បានជ្រោមជ្រែងរូបគេយ៉ាងច្រើន ជាពិសេសបានយកចិត្តទុកដាក់ខ្លាំងពេលមានរបួស។

យ៉ាងណា ទាំងសុភ័ក្ត្រ និងខេមរិន្ទ្រ ថ្លែងថា ប្រសិនបើមានឱកាសចូលលេងក្នុងការប្រកួតនៅថ្ងៃអង្គារ នេះ ពួកគេនឹងប្រឹងប្រែងអស់ពីសមត្ថភាពតទល់ក្លិបចាស់៕

អត្ថបទ: CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania