ថាយហ្គឺរបានកាតក្រហម២នាក់ ខណៈនុប តុលា ស៊ុតឲ្យណាហ្គាឈ្នះនាទី៩០+៥

21 Jul 2021 09:41

1048

Share :


ខ្សែការពារ ស្រាំង ទិត្យឈី និងខ្សែការពារ ឈង់ ប៊ុនណាត របស់អង្គរថាយហ្គឺរទទួលបានកាតក្រហមក្នុងការប្រកួត Metfone Cambodian League ចាញ់ណាហ្គាវើលដ៍ ដោយលទ្ធផលស្មើគ្នា១ទល់នឹង២ នៅថ្ងៃអង្គារ ទី២០ ខែកក្កដា នាកីឡដ្ឋាន S.R.U។ 

ការប្រកួតក្នុងវគ្គទី១ ពុំមានក្រុមណាអាចរកគ្រាប់បាល់បានទេ។ ផ្ទុយទៅវិញ ចូលដល់វគ្គទី២ ក្រុមភ្ញៀវណាហ្គាវើលដ៍បាននាំមុខមួយគ្រាប់មុន ដោយការទាត់បាល់ពិន័យ១១ម៉ែត្រពីខ្សែប្រយុទ្ធប្រេស៊ីល Marcio Marques នាទី៧៣។ឱកាសទាត់១១ម៉ែត្រនេះកើតឡើងបន្ទាប់ពីបាល់បានប៉ះដៃខ្សែការពារ ស្រាំង ទិត្យឈី។

ទិត្យឈី ក៏ទទួលបានកាតក្រហមពេលដើរទៅប្ដូរចេញក្នុងនាទី៧៩។ ដល់នាទី៨៤ ថន សីហា បានទាត់ពីចម្ងាយបញ្ចូលទីយ៉ាងល្អតាមស្មើឲ្យក្រុមម្ចាស់ផ្ទះ។ ២នាទីក្រោយមក ខ្សែការពារ ឈង់ ប៊ុនណាត ទទួលបានកាតក្រហម បន្ទាប់ពីចាប់ទាញខ្សែបម្រើណាហ្គា សុះ ស៊ូហាណា ធ្វើឲ្យថាយហ្គឺរនៅសល់គ្នាតែ៩នាក់។

គ្រាប់ជ័យជម្នះរបស់ណាហ្គាវើលដ៍កើតឡើងក្នុងនាទី៩០+៥ ពេល នុប តុលា ទាត់ពីក្រៅប្រអប់យ៉ាងអស្ចារ្យ។ ហើយនេះគឺជា បរាជ័យ២លើកជាប់ៗគ្នាសម្រាប់អង្គរថាយហ្គឺរ បន្ទាប់ពីត្រូវបានវិសាខាធ្វើឲ្យស្គាល់ការចាញ់លើកដំបូងក្នុងរដូវកាល២០២១ កាលពាក់កណ្ដាលសប្ដាហ៍មុន៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania