អៀម រតនា “៖ទោះបានលទ្ធផលមិនល្អ ខ្ញុំនៅតែរីករាយក្នុងការលេងនៅសូលទីឡូ”

22 Jul 2021 16:38

480

Share :


ទោះបានជួបលទ្ធផលមិនល្អជាបន្តបន្ទាប់ក្នុងរដូវកាល២០២១ ខ្សែបម្រើ អៀម រតនា អះអាងមិនមានភាពខកចិត្តឡើយក្នុងការលេងនៅសូលទីឡូអង្គរ ព្រោះក្លិបនេះបានផ្ដល់ឱកាសដល់រូបគេ និងកីឡាករក្មេងៗឯទៀតបានបញ្ចេញសមត្ថភាពប្រកួតប្រជែងក្នុងក្របខណ្ឌបាល់ទាត់កម្រិតខ្ពស់។

យុវជនមានកំណើតនៅខេត្តសៀមរាបបានចូលរួមជាមួយសូលទីឡូអង្គរក្នុងឆ្នាំ២០១៩ តែអាចបង្ហាញខ្លួនបានញឹកញាប់ក្នុងឆ្នាំ២០២០។ គេទទួលស្គាល់ចំពោះការធ្វើមិនបានល្អកន្លងមក ដោយសារតែកីឡាករភាគច្រើនខ្វះបទពិសោធ តែរីករាយដែលក្លិបចូលរួមជួយអភិវឌ្ឍយុវជនបានច្រើន។

កីឡាករវ័យ១៨ឆ្នាំថ្លែងបែបនេះ “៖ សូលទីឡូអង្គរជាក្លិបមួយដែលផ្ដោតលើការអភិវឌ្ឍយុវជន មិនគិតពីការប្រជែងជើងឯក ផ្ដល់ឱកាសដល់ក្មេងៗលេងបានច្រើន អ៊ីចឹងខ្ញុំរីករាយដែលបានមកលេងនៅទីនេះ។ យើងធ្វើមិនបានល្អកន្លងមក ព្រោះតែយើងមានក្មេងៗច្រើន ខ្វះបទពិសោធ ដូចខ្ញុំអ៊ីចឹង ទើបលេងបាន២ឆ្នាំ ក៏នៅតែមានអារម្មណ៍ថា អត់ទាន់យល់ច្បាស់១០០ភាគរយ។”

អៀម រតនា ផ្ដើមការលេងបាល់ទាត់ក្នុងក្រុមស្ម័គ្រចិត្តមួយនៅខេត្តសៀមរាប មុនចូលរួមជាមួយសូលទីឡូអង្គរក្នុងឆ្នាំ២០១៩។ បំណងប្រាថ្នារបស់គេក្នុងបាល់ទាត់ គឺចង់ក្លាយជាកីឡាករដ៏ល្អមួយរូប និងមានឈ្មោះចូលរួមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣លើទឹកដីកម្ពុជា។ គេក៏ត្រូវបានផ្ដល់តួនាទីជាប្រធានក្រុមជាញឹកញាប់ក្នុងការប្រកួតកន្លងមកដែរ។

គួរដឹងដែរថា សូលទីឡូអង្គរ មិនទាន់មានពិន្ទុនៅឡើយទេពីការប្រកួត៨លើកកន្លងមកក្នុងក្របខណ្ឌ Metfone Cambodian League 2021។ ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបក៏បានផ្លាស់ប្ដូរគ្រូបង្គោលថ្មីដែរ ដោយបានតែងតាំងគ្រូជំនួយជម្រើសជាតិកម្ពុជា លោក អ៊ុក សុធី កាន់តំណែងជំនួសលោក Darren Pomroy៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania