ព្រះខ័នរាជប្រាប់មូលហេតុដាក់ពេញជើងពេញឈ្នះបាទីមិនបារម្ភពីការទុកកម្លាំងជួបភ្នំពេញក្រោន

16 Sep 2019 13:50

2667

Share :


លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀងបង្ហើបថា បានដាក់កូនក្រុមល្អៗពេញជើងតែម្ដងពេលឈ្នះយុវជនសាលាបាល់ទាត់ជាតិបាទី ៧ទល់នឹង០ ជំនួបក្របខណ្ឌ Metfone Cambodian League 2019 សប្ដាហ៍ទី២២ នៅថ្ងៃអាទិត្យ ទី១៥ កញ្ញា ដោយមិនបារម្ភពីការត្រៀមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅពាក់កណ្ដាលសប្ដាហ៍ខាងមុខឡើយ។

គ្រូបង្វឹកជនជាតិអៀរឡង់សង្កត់ធ្ងន់ថា កូនក្រុមលោកអាចប្រមូលកម្លាំងទាន់ជំនួបពាក់កណ្ដលផ្ដាច់ព្រ័ត្រជាមួយភ្នំពេញក្រោន នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ព្រោះនៅសល់ពេលច្រើនថ្ងៃគួរសមដែរដើម្បីសម្រាក។

លោក Conor ពន្យល់ ៖”យើងបានដាក់កីឡាករល្អៗពេញជើងតែម្ដង ណាមួយយើងអត់មានប្រាក់ មុន្នីឧត្តម ដោយសាររបួស ហើយ Campbell និងវិសាល ជាប់ពិន័យ។ យើងមានពេល៤ថ្ងៃដែរដើម្បីសម្រាក។ បញ្ហាគឺនៅត្រង់ថា គឺយើងត្រូវលេងជាមួយវិសាខាទៀតក្រោយប្រកួតជាមួយភ្នំពេញក្រោនដែលយើងមានពេលតិចតួចសម្រាប់សម្រាក”។

ក្នុងចំណោមជ័យជម្នះ៧ទល់នឹង០លើបាទីនេះ ខ្សែប្រយុទ្ធ Privat Mbarga រកបាន៥គ្រាប់ ខណៈខ្សែការពារវ័យក្មេង ត្រាយ វិចិត្រ បំប៉ោងសំណាញ់ពីរគ្រាប់ម្នាក់ឯង។

គួរដឹងដែរថា ព្រះខ័នរាជស្វាយរៀង អាចនឹងមានលទ្ធភាពលើកពានជើងឯកពីរកម្មវិធីផ្សេងគ្នា ប្រសិនបើឈ្នះភ្នំពេញក្រោន ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខណៈនៅ MCL ឯណេះពួកគេក៏កំពុងនាំមុខ៨ពិន្ទុទៅលើវិសាខាដែរ៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania