ណាហ្គាវើលដ៍មានកំណត់ត្រាល្អៗនៅលីគកំពូលរដូវកាលនេះដែលអ្នកគួរដឹង

23 Jul 2021 09:11

1056

Share :


បន្ទាប់ពីឆ្លងកាត់ការប្រកួត ៨ លើកនៅមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២១ ណាហ្គាវើលដ៍  ស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ដោយមាន ១៧ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាងអង្គរថាយហ្គឺរត្រឹម ២ ពិន្ទុប៉ុណ្ណោះ ខណៈនៅលស់ ១ ប្រកួតក្នុងដៃ។ ក្នុងចំណោម ៨ ប្រកួត ណាហ្គា ទទួលជ័យជម្នះ ៥ លើក ចាញ់ ១ លើក និងស្មើ ២ លើក។  ជាមួយគ្នានេះ ក្រុមរបស់លោក មាស ចាន់ណា ក៏មានកំណត់ត្រាល្អៗមួយចំនួនដូចខាងក្រោម។ 

ក្រុមណាហ្គាវើលដ៍ ជាក្រុមរកបានគ្រាប់បាល់ហ្វ្រីឃីកច្រើនជាងគេរហូតដល់ ៤ គ្រាប់គិតត្រឹមសប្ដាហ៍ទី៩។ គ្រាប់បាល់ហ្វ្រីឃីគល្អៗនេះរកបាន  Marcio Oliveira ២គ្រាប់, Fumiya Kogure ១ គ្រាប់ និង គួច ដានី ១គ្រាប់។ និយាយទៅល្អជាងរដូវកាល ២០២០ ដែលមិនដែលរកគ្រាប់បាល់សូម្បីម្ដងដោយសារហ្រ្វីឃីក។ 

អ្នកស៊ុតបានច្រើនប្រចាំក្រុម Marcio Oliveira រកបាន ៩ គ្រាប់ត្រឹមសប្ដាហ៍ទី៩ ជិតស្មើកំណត់ត្រារដូវកាលមុន ដែលរកបានត្រឹម ១១ គ្រាប់ក្នុងការប្រកួតពេញមួយរដូវកាល។ នៅខ្វះតែពីរគ្រាប់ទៀតប៉ុណ្ណោះ ខ្សែប្រយុទ្ធប្រេស៊ីលស្មើកំណត់ត្រាគ្រាប់បាល់រដូវកាលមុនហើយ។ 

ណាហ្គាវើលដ៍ រកគ្រាប់បានក្រៅប្រអប់គ្រោះថ្នាក់ចំនួន ៥ គ្រាប់ក្នុង ៣ ប្រកួតចុងក្រោយស្មើនឹងកំណត់ត្រាគ្រាប់បាល់ក្រៅប្រអប់របស់អគ្គិសនីកម្ពុជា និងច្រើនជាង ១១ ក្រុមផ្សេងទៀតនៅលីគកំពូលរដូវកាលនេះ។ 

ក្រុមជើងឯកលីគ៣សម័យ ជាក្រុមរកគ្រាប់បាល់ដោយការប្រើក្បាលច្រើនជាងគេរដូវកាលនេះ (៥គ្រាប់) លើសក្រុមណាៗទាំងអស់។   ៥ គ្រាប់នោះរកបានដោយ សុះ ស៊ូហាណា ៣ គ្រាប់, រៀម សឹង ១ គ្រាប់ និង ឡេង មករា ១ គ្រាប់។ 

ណាហ្គាវើលដ៍ មិនរបូតគ្រាប់បាល់ ២ ប្រកួតក្នុងចំណោម ៧ ប្រកួតដំបូងនារដូវកាលនេះ ល្អជាងឆ្នាំមុនរបូតគ្រាប់បាល់គ្រប់ការប្រកួតក្នុងចំណោម ៧ លើកដំបូង។  

ការប្រកួតបន្ទាប់ ណាហ្គាវើលដ៍ ត្រូវជួប សូលទីឡូអង្គរ នាថ្ងៃសៅរ៍ទី ២៤ កក្កដា វេលាម៉ោង ៣:៣០ រសៀលតទៅនៅកីឡដ្ឋាន SRU នៃខេត្តសៀមរាប។ តើណាហ្គាវើលដ៍ នឹងមានកំណត់ត្រាសំខាន់ៗអ្វីខ្លះទៀត? 

អត្ថបទ៖ CNCC  

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania