កែវ សុខសិលា បង្ហើបចំណុចពិសេសរបស់ភ្នំពេញក្រោនក្នុងឆ្នាំ២០២១

24 Jul 2021 12:13

1015

Share :


ការសម្បូរដោយខ្សែប្រយុទ្ធល្អៗ និងភាពស៊ីចង្វាក់គ្នា គឺជាអ្នកដែលអ្នកចាំទី កែវ សុខសិលា មើលឃើញថា ជាចំណុចពិសេសរបស់ភ្នំពេញក្រោនក្នុងឆ្នាំ២០២១។ នេះជាការមើលរបស់អ្នកចាំទីដៃទីមួយវិសាខា មុនការប្រកួត Metfone Cambodian League 2021 នៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា នាកីឡដ្ឋាន Smart RSN។

ទាក់ទងទៅនឹងសំណួរថាតើចាប់អារម្មណ៍កីឡាកររូបណាខ្លះរបស់ភ្នំពេញក្រោនក្នុងរដូវកាល២០២១ សិលា ទទូចថា កូនក្រុមទាំងអស់របស់ភ្នំពេញក្រោនសុទ្ធតែល្អៗដូចគ្នា ពោលមិនអាចផ្ដោតតែលើកីឡាករណាម្នាក់បានឡើយ ព្រោះការលេង គឺធ្វើឡើងជាក្រុម។ គេថា ប្រសិនបើផ្ដោតប្រយ័ត្នតែលើបុគ្គលណាម្នាក់ នោះនឹងអាចមានគ្រោះថ្នាក់។ 

សម្រាប់ការប្រកួតនៅថ្ងៃនេះ សិលា អះអាងថា នឹងមានភាពប្រកួតប្រជែងខ្ពស់ ព្រោះភ្នំពេញក្រោនជាក្រុមដ៏ខ្លាំងមួយ និងលេងលើទឹកដី Smart RSN ថែមទៀត។ ដូច្នេះ គេមិនគិតឡើយពីការរក្សា clean sheet ទេ អ្វីដែលសំខាន់នោះ គឺជ័យជម្នះរបស់ក្រុមទាំងមូល។ 

គួរដឹងដែរថា ចាប់តាំងពីឡើងមកកាន់ក្របខណ្ឌកំពូល Metfone Cambodian League ក្នុងរដូវកាល២០១៨ វិសាខា មិនដែលចាញ់ភ្នំពេញក្រោនឡើយ។ កែវ សុខសិលា ដែលជាអតីតកីឡាករភ្នំពេញក្រោន លើកឡើងថា ការធ្វើបានល្អតទល់ក្លិបចាស់នេះ ដោយសារកីឡាករវិសាខាធ្វើការងារជាក្រុមបានល្អ។

គួរបញ្ជាក់ថា ទាំងវិសាខា និងភ្នំពេញក្រោន មិនទាន់ចាញ់ដូចគ្នាគិតត្រឹមពេលនេះនៃការប្រកួតក្របខណ្ឌ Metfone Cambodian League 2021។ ៨ប្រកួតកន្លងមក វិសាខា មាន១៨ពិន្ទុ ពីការឈ្នះ៥ និងស្មើ៣ ឈរលេខ២ ខណៈភ្នំពេញក្រោនលេងបាន ៦ប្រកួត មាន១៦ពិន្ទ ស្ថិតនៅលេខ៤៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania