ថន សីហា "៖បរាជ័យជាប់គ្នាមិនប៉ះពាល់ដល់ការប្រកួតថ្ងៃនេះទេ"

25 Jul 2021 13:10

327

Share :


ខ្សែបម្រើអង្គរថាយហ្គឺរ ថន សីហា ទទូចថា បរាជ័យ២ប្រកួតជាប់ៗគ្នាក្នុងក្របខណ្ឌ Metfone Cambodian League ចុងក្រោយមិនប៉ះពាល់ដល់ការផ្ដោតលើការប្រកួតបន្តទៀតទេ ជាពិសេសជំនួបជាមួយអាស៊ីអឺរ៉ុបយូណាយធីត នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា នេះ។

សីហា ដែលទាត់បញ្ចូលទីពីចម្ងាយយ៉ាងល្អក្នុងជំនួបចាញ់ណាហ្គាវើលដ៍ កាលថ្ងៃអង្គារ ទី២០ ខែកក្កដា ដែលជាបរាជ័យលើកទី២នៅ MCL ២០២១នេះ អះអាងថា អ្វីសំខាន់នោះ គឺផ្ដោតលើការប្រកួតនៅថ្ងៃនេះ និងតាំងចិត្តជួយក្រុមឲ្យបាន៣ពិន្ទុ ដើម្បីរក្សាលទ្ធផលល្អក្នុងចំណោមក្រុមកំពូលៗ។

កីឡាករអង្គរថាយហ្គឺររៀបរាប់ “៖សម្រាប់ខ្ញុំ រឿងបរាជ័យហ្នឹងវាហួសទៅហើយ គ្មានអីត្រូវគិតពីវាទៀតទេ។ អ្វីសំខាន់ គឺផ្ដោតលើការប្រកួតបន្តបន្ទាប់ទៀត។ អ្វីសំខាន់ គឺផ្ដោតលើការប្រកួតថ្ងៃនេះ យើងត្រូវប្រជែងយក៣ពិន្ទុឲ្យបានដើម្បីរក្សាលទ្ធផលល្អក្នុងចំណោម Top 6 ហ្នឹង។”

ទាក់ទងទៅនឹងអវត្តមានខ្សែការពារសំខាន់២រូប គឺ ឈង់ ប៊ុនណាត និង ស្រាំង ទិត្យឈី ដែលទទួលបានកាតក្រហមក្នុងជំនួបជាមួយណាហ្គាវើលដ៍ សីហា ពិតជាស្ដាយខ្លាំង ព្រោះគេទាំង២មិនអាចជួយក្រុមក្នុងការប្រកួតនៅថ្ងៃអាទិត្យនេះ។

គួរដឹងដែរថា អង្គរថាយហ្គឺរបានបរាជ័យ២លើកជាប់គ្នា ពោលចាញ់វិសាខា ៣ទល់នឹង១ និងចាញ់ណាហ្គាវើលដ៍ ១ទល់នឹង២ និងជាបរាជ័យ២ប្រកួតដំបូងសម្រាប់ពួកគេក្នុងក្របខណ្ឌ Metfone Cambodian League រដូវកាល២០២១។ ក្រុមលោក Oriol Mohedano បានរអិលទៅកាន់លេខ២ ដោយវិសាខាបានឡើងទៅកំពូលតារាងជំនួសវិញ ក្រោយស្មើភ្នំពេញក្រោន៣ទល់នឹង៣៕

អត្ថបទ៖ CNCC 
ប្រភពរូបៈ Angkor Tiger Football Club

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania