កីឡាករ៦រូបរកបានគ្រាប់បាល់ដំបូងនៅ MCL 2021 ចុងសប្ដាហ៍កន្លងទៅ

26 Jul 2021 12:37

880

Share :


កីឡាករ៦រូបទៀតហើយដែលរកបានគ្រាប់បាល់បញ្ចូលទីលើកដំបូងចាប់តាំងពីការប្រកួតក្របខណ្ឌ Metfone Cambodian League 2021 ដំណើរការច្រើនសប្ដាហ៍កន្លងមក។

១. ណង វីលីក (សូលទីឡូអង្គរ)

ណង វីលីក ជាខ្សែប្រយុទ្ធវ័យក្មេងមួយរូបរបស់សូលទីឡូអង្គរ។ គេរកបាន២គ្រាប់ និងជាគ្រាប់ដំបូងរបស់គេនៅ MCL 2021 ក្នុងជំនួបស្មើណាហ្គាវើលដ៍៣ទល់នឹង៣ កាលថ្ងៃសៅរ៍ ទី២៤ ខែកក្កដា។ គេបានតែតបញ្ចូលទីក្នុងនាទីទី៤ និងទាត់ចូលក្នុងនាទី៥៩។

២. គួច សុកុម្ភៈ (ណាហ្គាវើលដ៍)

ប្រធានក្រុមសម្បូរបទពិសោធបានទាត់បញ្ចូលទីក្នុងនាទី៤៨តាមពីក្រោយសូលទីឡូអង្គរ២ទល់នឹង១ មុនណាហ្គាវើលដ៍វាយបកតាមស្មើ៣ទល់នឹង៣ ក្នុងការប្រកួត នៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា នៅខេត្តសៀមរាប។

៣. នេន សុធារដ្ឋ (ណាហ្គាវើលដ៍)

នេះជាគ្រាប់ទី១នៅ MCL 2021 និងជាគ្រាប់ដំបូងសម្រាប់ នេន សុធារដ្ឋ ក្នុងនាមកីឡាករណាហ្គាវើលដ៍ ចាប់តាំងពីផ្លាស់ពីព្រះខ័នរាជស្វាយរៀងក្នុងរដូវកាលនេះ។ 

គេបានទាត់មួយជើងឆ្វេងផុតដៃអ្នកចាំទី អឿន សំអាត របស់សូលទីឡូអង្គរ និងជាគ្រាប់ដែលណាហ្គាវើលដ៍ តាមស្មើក្នុងនាទី៩០+៤ ដោយលទ្ធផល៣ទល់នឹង៣។

៤. នី សុខរី (ព្រះខ័នរាជស្វាយរៀង)

ខ្សែការពារវ័យ២០ឆ្នាំរូបនេះរកគ្រាប់បាល់ដំបូងសម្រាប់ព្រះខ័នរាជស្វាយរៀង ពេលឈ្នះគិរីវង់សុខសែនជ័យ០ទល់នឹង៦ កាលថ្ងៃសៅរ៍ ទី២៤ ខែកក្កដា នៅខេត្តតាកែវ។

សុខរី បានទាត់មួយជើងស្ដាំបញ្ចូលទីពីការបញ្ជូនដោយខ្សែប្រយុទ្ធ Privat Mbarga។

៥. សារ៉េត គ្រីយ៉ា (ព្រះខ័នរាជស្វាយរៀង)

ខ្សែការពារស្លាបស្ដាំរបស់ព្រះខ័នរាជស្វាយរៀងរូបនេះបានតែតទៅប៉ះខ្សែការពារ ជួង មករា របស់គិរីវង់សុខសែនជ័យបន្តិច ហើយក៏ចូលទីតែម្ដង។ គ្រាប់បាល់នេះកើតឡើងក្នុងនាទី៧៥ ជាគ្រាប់ដំបូងរបស់គេនៅ MCL 2021 និងជាគ្រាប់ទី៤របស់ព្រះខ័នរាជស្វាយរៀង ពេលឈ្នះគិរីវង់០ទល់នឹង៦។

៦. វ៉ាន់ វីត (អាស៊ីអឺរ៉ុបយូណាយធីត)

ដោយមានការបញ្ជូនយ៉ាងល្អពី Abee Ndejoo ខ្សែបម្រើ វ៉ាន់ វីត បានទាត់បញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួនក្នុងនាទី៨៣ និងជាគ្រាប់បាល់ដែលអាស៊ីអឺរ៉ុបយូណាយធីតតាមស្មើអង្គរថាយហ្គឺរ២ទល់នឹង២ ក្នុងការប្រកួតលើដីខ្លួនឯង នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា។

វ៉ាន់ វីត ដែលឈានដល់វ័យ១៨ឆ្នាំក្នុងខែតុលា ខាងមុខ ត្រូវបានអាស៊ីអឺរ៉ុបយូណាយធីតដំឡើងពីក្រុមយុវជនមកកាន់ក្រុមធំ ក្នុងរដូវកាល២០២១នេះ៕

អត្ថបទ៖ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania