បឹងកេតឈ្នះនគរបាលជាតិ ២-០ បន្តជ័យជម្នះ៦លើកជាប់គ្នា

27 Jul 2021 20:03

598

Share :


បឹងកេតបានបន្តជ័យជម្នះជាលើកទី៦ជាប់ៗគ្នាក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League 2021 បន្ទាប់ពីយកឈ្នះក្រុមនគរបាលជាតិ ដោយលទ្ធផល ២ទល់នឹង០ ក្នុងការប្រកួតនៅថ្ងៃអង្គារ ទី២៧ ខែកក្កដា នាកីឡដ្ឋាន Cambodia Airways។

២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ និងជាក្រុមការពារតំណែងជើងឯកបានកើតឡើងតាំងពីវគ្គទី១ ដែលម៉ាត់ នូរុណ បានទាត់បញ្ចូលទីពីការបញ្ជូនដោយខ្សែបម្រើ សាន គឹមហេង ក្នុងនាទី៣១។ ៥នាទីក្រោយមក ខ្សែបម្រើជនជាតិជប៉ុន Kenta Yamazaki បានទាត់បញ្ចូលទីមួយគ្រាប់ទៀត តាមរយៈការលើកបាល់ហ្វី្រឃីកដោយ ចាន់ វឌ្ឍនាកា។

លទ្ធផល ២ទល់នឹង០នេះបានបន្តរហូតដល់ចប់៩០នាទី ពោលពុំមានក្រុមណាអាចរកគ្រាប់បាល់បន្ថែមទៀតឡើយក្នុងវគ្គទី២។ 

នេះក៏ជាជ័យជម្នះ៦លើកជាប់គ្នាសម្រាប់បឹងកេត បន្ទាប់ពីចាញ់៣ប្រកួតដំបូងនៅ MCL 2021។ ៣ប្រកួតបើក របស់ក្រុមគ្រូបង្គោល គីម ភក្ដី បានចាញ់ណាហ្គាវើលដ៍, ភ្នំពេញក្រោន និងអង្គរថាយហ្គឺរ តែបន្តដោយការឈ្នះសូលទីឡូអង្គរ, ព្រៃវែងអេហ្វស៊ី, អាស៊ីអឺរ៉ុបយូណាយធីត, គិរីវង់សុខសែនជ័យ, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ។ 

ចំណែកក្រុមនគរបាលជាតិដែលហៅកាត់ថា ប៉ូលិស ទើបតែទទួលបានមួយពិន្ទុប៉ុណ្ណោះក្នុងចំណោម៦ប្រកួត ដោយពួកគេស្មើវិសាខា និងចាញ់គ្រប់ការប្រកួតផ្សេងៗទៀត។ ការប្រកួតជាបន្តនៅ Metfone Cambodian League 2021 នគរបាលជាតិត្រូវទទួលភ្ញៀវសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងបឹងកេតទៅផ្ទះរបស់ព្រះខ័នរាជស្វាយរៀង៕

អត្ថបទ៖​ CNCC 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania