សម្ដីភាគីវិសាខា និងបឹងកេតមុនជំនួបពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ២០១៩

16 Sep 2019 17:05

2096

Share :


សន្និសីទសារព័ត៌មានស្ដីពីការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០១៩ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានរៀបចំឡើងកាលរសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា នាសាលព័ត៌មាននៃពហុកីឡដ្ឋានជាតិ។

សន្និសីទដ៏សំខាន់នេះចូលរួមដោយលោក Tunji Akeep Ayoyinka គ្រូបង្គោលស្ដីទីក្លិបវិសាខា, ខ្សែការពារ ទៀង ទីនី ដែលជាប្រធានក្រុម និងលោក ហៅ សុជាតិ គ្រូបង្គោលក្លិបបឹងកេត និងប្រធានក្រុម ហុង ផេង។ 

ក្នុងឱកាសនោះ លោក Tunji Akeep Ayoyinka គ្រូបង្គោលស្ដីទីក្លិបវិសាខាឲ្យដឹងថា ៖ “យើងបានចំណាយពេលក្រែលដែរដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ទោះបីមានការសម្រាកលីគក៏ដោយ ហើយយើងបានត្រៀមខ្លួនរួចស្រេចសម្រាប់ការប្រកួតដ៏សំខាន់នេះ”។

គ្រូបង្វឹកជនជាតិនីហ្សេរីយ៉ាបន្ថែម ៖”កីឡាករយើងមួយចំនួនបានជាប់កាតព្វកិច្ចជម្រើសជាតិ ដូច្នេះយើងគិតថា វាជាផលចំណេញមួយដែរសម្រាប់ពួកយើង ព្រោះពួកគេបានហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ទទួលបានបទពិសោធបន្ថែមកាន់តែល្អទៀត។ ចំពោះកីឡាករដែលនៅនឹងក្លិប ក៏បានប្រឹងប្រែងយ៉ាងមុតមាំដែរ ហើយពេលអ្នកជាប់ជម្រើសជាតិវិលមកក្លិបវិញ យើងឃើញថា ការលេងជាមួយគ្នា គឺចុះសម្រុងល្អមែនទែន ដូច្នេះអ្នករាល់គ្នាបានត្រៀមរួចរាល់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត”។

ចំណែកកីឡាករ ទៀង ទីនី ប្រធានក្រុមវិសាខា បានបង្ហាញចំណាប់អារម្មណ៍បែបនេះ ៖”សមាជិករបស់ខ្ញុំមានការលេងជាក្រុម សាមគ្គីគ្នា។ យើងមិនហ៊ានសន្មត់ថាឈ្នះឬម៉េចទេ គឺ៥០-៥០ ហើយទាល់តែចប់ការប្រកួត ទើបយើងអាចបានដឹង។ កីឡាករវិសាខាមានអ្នកជាប់ជម្រើសជាតិច្រើនមែន តែយើងមិនប្រាកដថាដឹងថាឈ្នះគេបានទេ”។

ជាមួយគ្នានេះលោក ហៅ សុជាតិ គ្រូបង្គោលបឹងកេតក៏បានលើកឡើងពីការត្រៀមខ្លួនបែបនេះដែរ ៖”ការប្រកួតនេះ ជាការប្រកួតដ៏សំខាន់សម្រាប់បឹងកេត និងជាការប្រកួតដ៏តានតឹង ព្រោះយើងដឹងស្រាប់ហើយវិសាខាជាក្រុមមួយសម្បូរដោយកីឡាករខ្មែរល្អៗ ហើយ១១នាក់ដំបូង ចង់ជម្រើសជាតិទាំងអស់ទៅហើយ អ៊ីចឹងថ្ងៃពុធនេះដូចលេងជាមួយជម្រើសជាតិអ៊ីចឹង។ ចំពោះបឹងកេតកីឡាករវ័យកាន់តែចាស់ ហើយវិសាខាសម្បូរកីឡាករក្មេងៗ តែយើងសង្ឃឹមថា កីឡាករយើងនឹងអាចបំពេញតួនាទីបានល្អ”។

លោក ហៅ សុជាតិ បន្តថា ដោយសារតែលេងកីឡាករខ្មែរៗដូចគ្នាបែបនេះ ការលេងរបស់ក្រុមទាំងពីរទំនងមិនលើសខ្វះគ្នាពេកឡើយ។

ចំពោះប្រធានក្រុមបឹងកេត ហុង ផេង វិញរៀបរាប់ ៖”ដូចលោកគ្រូបាននិយាយហើយថា វិសាខាមានកីឡាករល្អៗច្រើន ដូច្នេះពួកយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជម្នះនៅថ្ងៃពុធ។ 

គួរដឹងដែរថា មុនឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ បឹងកេតបានទម្លាក់សូលទីឡូអង្គរ ខណៈវិសាខា ឈ្នះគិរីវង់សុខសែនជ័យ។ ជំនួបរវាងក្រុមទាំងពីរនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិនៅវេលាម៉ោង៦ល្ងាច៕

អត្ថបទ៖ CNCC

 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania