សរុបខ្លឹមសារសំខាន់ៗពីសន្និសីទពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោរវាងព្រះខ័នរាជ និងភ្នំពេញក្រោន

18 Sep 2019 09:46

960

Share :


ទាំងលោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង និងប្រធានក្រុម នេន សុធារដ្ឋ ព្រមទាំងលោក ស៊ុំ វណ្ណា គ្រូបង្គោលស្ដីទីភ្នំពេញក្រោន និងប្រធានក្រុម សុខ សុវណ្ណ សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍យ៉ាងមុតមាំមុនក្រុមទាំងពីរប៉ះគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា។ លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀងអះអាងថា បានហ្វឹកហាត់យ៉ាងល្អសម្រាប់ការប្រកួតដ៏សំខាន់នៅថ្ងៃព្រហស្បតិ៍។  

គ្រូបង្វឹកជនជាតិអៀរឡង់រៀបរាប់ពីបញ្ហាក្នុងក្រុមខ្លះៗផងដែរ ៖”បន្ទាប់ពីវិលពីការប្រកួតជាមួយបាទីមក កីឡាករយើងមួយចំនួនមានបញ្ហារបួស ហើយកីឡាករខ្លះដែលវិលពីជម្រើសជាតិក៏មានរបួសខ្លះៗដែរ ដូចឥឡូវហ្នឹងមានសឿយ វិសាល, សុខ សំណាង, ប្រាក់ មុន្នីឧត្តម ហើយគន្ធា រ៉ាវ៉ាន់ ក៏អវត្តមានរហូតដល់ដាច់រដូវកាលទៀត តែអ្នកនៅសល់បានហ្វឹកហាត់ជុំគ្នាល្អមែន”។ 

ជាមួយគ្នានេះ ប្រធានក្រុម នេន សុធារដ្ឋ យល់ឃើញថា ការប្រកួតជាមួយភ្នំពេញក្រោន នឹងក្លាយជាជំនួបដ៏តានតឹង ព្រោះគូប្រជែងមួយនេះជាក្រុមដ៏ល្អ តែយ៉ាងណា សមាជិកគ្រប់រូបបានរៀបចំក្រុមយ៉ាងខ្ជាប់ខ្ជួនអស់ហើយ ហើយនឹងស្វែងរកចំណុចខ្លាំងចំណុចខ្សោយរបស់គូបដិបក្ខដែរ។

សម្រាប់លោក ស៊ុំ វណ្ណា គ្រូបង្គោលស្ដីទីភ្នំពេញក្រោនបញ្ជាក់ថា ក្រុមដែលឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សុទ្ធតែមានសមត្ថភាពល្អៗ។ ចំពោះក្រុមលោក លោកមិនខ្វាយខ្វល់ពីលទ្ធផលក្នុងលីគទៀតទេ ទោះបានចាញ់ព្រះខ័នរាជស្វាយរៀងទាំងពីរជើង ពោលគឺមិនចាត់ទុកជាសម្ពាធឡើយ។ លោក វណ្ណា សង្កត់ធ្ងន់ថា ការប្រកួតពានរង្វាន់ថ្នាក់ដឹកនាំកំពូលនេះប្រើប្រាស់តែកីឡាករក្នុងស្រុកសុទ្ធសាធ ដូច្នេះក្ដីសង្ឃឹមគឺ៥០ភាគរយដូចគ្នា ហើយក្រុមណាដែលមានការរៀបចំល្អនឹងទទួលបានជ័យជម្នះ។ លោកថា នឹងរៀបចំក្រុមឲ្យបានល្អដើម្បីមានឱកាសទៅវគ្គចុងក្រោយ។

អតីតគ្រូបង្គោលវេស្ទើនបន្ថែមថា កូនក្រុមមួយចំនួនដូចជា សេត រ៉ូហ្សាក់, ពៅ ប៉ុនវុទ្ធី និងជួន ចាន់ចាវ ជាដើមក៏មានបញ្ហារបួសដែរ។

ទាក់ទងទៅនឹងសំណួរថាតើបរាជ័យនៅគិរីវង់សុខសែនជ័យកាលថ្ងៃអាទិត្យ ១៥ កញ្ញា កន្លងទៅ ប្រធានក្រុម សុខ សុវណ្ណ និយាយថា មិនប៉ះពាល់ដល់អារម្មណ៍សមាជិកក្រុមឡើយ និងថា គ្រប់គ្នាផ្ដោតលើការប្រកួតដ៏សំខាន់ចំពោះមុខ។ ដូច្នេះកីឡាករទាំងអស់នឹងប្រឹងប្រែងដណ្ដើមជ័យជម្នះឲ្យបាន។

គួរដឹងដែរថា ជំនួបរវាងព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងធ្វើឡើងនៅវេលាម៉ោង៦ល្ងាចនាពហុកីឡដ្ឋានជាតិ៕

អត្ថបទ៖ CNCC

 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania