ហៅ សុជាតិ៖ «យើងពុំធ្លាប់រំពឹងថា ធ្វើបានលទ្ធផលខ្ពស់បែបនេះទល់វិសាខាឡើយ»

19 Sep 2019 11:07

1009

Share :


ក្រោយយកឈ្នះវិសាខាដោយលទ្ធផល ៤-០ លោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេតបានលើកឡើងថា នេះជាលទ្ធផលពុំនឹកស្មាន ដ្បិតមុនការប្រកួតលោកបានផ្ដល់ការគោរពយ៉ាងខ្លាំងចំពោះគុណភាពកីឡាករវិសាខា តែថាការសម្រេចប្រើយុទ្ធសាស្ត្រទប់ហើយវាយបក ផ្ដល់ផលអតិបរមាចំពោះបឹងកេត។

«ការពិតទៅការប្រកួតនេះ យើងមិននឹកស្មានថា យើងអាចធ្វើបានគ្រាប់បាល់ដល់ប៉ុណ្ណឹងទេ ព្រោះយើងដឹងថាកីឡាករវិសាខាសុទ្ធតែជាកីឡាករល្អៗ ពិសេសអ្នកជាប់ជម្រើសជាតិ។​ ចំពោះយុទ្ធសាស្ត្រក្នុងប្រកួតនេះ ដោយសារយើងសង្កេតឃើញការប្រកួតកន្លងមករបស់វិសាខានៅក្នុងពានសម្ដេច ស្ទើរតែគ្រប់ប្រកួត គាត់ផ្ដោតលើការប្រយុទ្ធច្រើនជាងការពារ អ៊ីចឹងហើយយើងសម្រេចប្រើការលេងបែបការពារហើយវាយបកវិញ»។

មិនត្រឹមតែភ្ញាក់ផ្អើលនឹងលទ្ធផលប៉ុណ្ណោះទេ តែអតីតគ្រូជំនួយភ្នំពេញក្រោនរូបនេះ ក៏បានបង្ហាញមោទនភាពចំពោះសមិទ្ធផល ដែលខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា និងកីឡាករពុំសូវមានឱកាសបង្ហាញខ្លួន ម៉ុន វ៉ាន់ដា បានផ្ដល់ឲ្យក្រុម បូករួមនិងការលេងដោយទំនុករបស់កីឡាករទាំងអស់ផងដែរ។

គួរជម្រាបជូនថា ក្រោយឈ្នះវិសាខានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បឹងកេតត្រូវឡើងឈរនៅវគ្គផ្ដាច់ព្រ័ត្រ រង់ចាំអ្នកឈ្នះរវាងព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដែលក្រុមទាំង ២ នឹងត្រូវធ្វើការប្រកួតនៅម៉ោង ៦ ល្ងាច ថ្ងៃព្រហស្បតិ៍ ទី ១៩ កញ្ញានេះ នៅពហុកីឡដ្ឋានជាតិ ដោយការប្រកួតនេះនឹងមានផ្សាយផ្ទាល់នៅលើ BTV ៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania