រឿងរ៉ាវគួរដឹងខ្លះៗពីជំនួបព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន

19 Sep 2019 21:06

1890

Share :


ព្រះខ័នរាជស្វាយរៀងបានទម្លាក់ភ្នំពេញក្រោន ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥ទល់នឹង៤ដើម្បីក្រសោបកៅអីវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល២០១៩ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា។ 

មិនមានការទាត់បញ្ចូលទីគ្នាទេក្នុងការប្រកួតម៉ោងធម្មតាទាំងពីរវគ្គ ទោះបីមានការខិតខំប្រឹងប្រែងពីកីឡាករក្រុមទាំងពីរយ៉ាងកក្រើកពីមុខអ្នកទស្សនាជាង៣២០០នាក់នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ 

អ្វីគួរចាប់អារម្មណ៍នោះ គឺ នេះជាលើកទី៧ហើយដែលព្រះខ័នរាជស្វាយរៀងបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ប្រមុខរាជរដ្ឋាភិបាល។ 

ក្នុងនោះក្រុមមានកីឡដ្ឋាននៅខេត្តស្វាយរៀងធ្លាប់ឈ្នះជើងឯកនៅឆ្នាំ២០១១, ២០១២, ២០១៥ និង២០១៧ និងជើងឯករងនៅឆ្នាំ២០០៨ និង២០១៦។ 

អ្វីគួរដឹងមួយទៀតនោះ ព្រះខ័នរាជស្វាយរៀងក៏ធ្លាប់ទម្លាក់ភ្នំពេញក្រោនដោយបាល់កាត់សេចក្ដីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា កាលឆ្នាំ២០១៦ ដោយលទ្ធផល៣ទល់នឹង២។ កាលណោះ នេន សុធារដ្ឋ, សំអឿន ពិដោ និងសារ៉េត គ្រីយ៉ា ជាអ្នកទាត់ចូលសម្រាប់ស្វាយរៀង តែហូយ ផល្លីន ទាត់មិនចូល។ 

ចំណែកភ្នំពេញក្រោន កុក បូរីស, អ៊ន ចាន់ប៉ូលីន និង ប៊ិន ចន្ថាធារី បានខកខានឱកាស ស្របពេលឆុំ ភីសា និងអ៊ិន សូដាវីដ ជាអ្នកទាត់ចូល។

តែដោយឡែក បើក្រលេកបកក្រោយទៅឆ្នាំ២០០៩ ដែលកាលណោះក្រោមឈ្មោះថា ព្រះខ័នរាជ គឺពួកគេបានចាញ់ភ្នំពេញក្រោន ៤ទល់នឹង០ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។

ដូច្នេះ ព្រះខ័នរាជស្វាយរៀងត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រប៉ះបឹងកេតសម្រាប់វគ្គផ្ដាច់ព្រ័ត្រ រដូវកាល២០១៩៕

ខាងក្រោមជាទិន្នន័យទាត់១១ម៉ែត្ររវាងព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នៅឆ្នាំ២០១៩ ៖

 

ព្រះខ័នរាជស្វាយរៀង ៖

នេន សុធារ័ត្ន    អត់ ចូល (សង្គ្រោះ ),  សឿល វិសាល ចូល ,  សុខ សំណាង ចូល, សំអឿន ពិដោរ ចូល, ហូយ  ផល្លីន ចូល, សួន សុវណ្ណ ចូល

 

ភ្នំពេញក្រោន៖

យ៉ើ មូស្លីម ចូល,  អន ចាន់ប៉ូលីន ចូល, វ៉ា សុខថន ចូល, សុខ សុវណ្ណ ចូល, សឿត បារាំង  អត់ ចូល, ប្រាក់ ធីវ៉ា អត់ ចូល

 

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania