ហ៊ុល គឹមហ៊ុយ ៖ ខ្ញុំសប្បាយចិត្តដែលធ្វើបាន clean sheet តែកីឡាកររួមក្រុមមានចំណែកធំ

20 Sep 2019 12:42

1744

Share :


អ្នកចាំទី ហ៊ុល គឹមហ៊ុយ របស់បឹងកេត បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងដែលរក្សាសំណាញ់ទីមិនឲ្យរបូតសោះក្នុងជំនួបឈ្នះវិសាខា ៤ទល់នឹង០ កាលថ្ងៃពុធ ទី១៨ កញ្ញា ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ។

យ៉ាងណា អតីតយុវជនសាលាបាល់ទាត់ជាតិបាទីពន្យល់ថា គឺបានមកការរួមចំណែកធំដោយមិត្តរួមក្រុមដែលមានការហការគ្នាយ៉ាងល្អ ឈានទៅដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ត្រសម្រាប់ក្លិបដែលឡើងក្របខណ្ឌ Metfone Cambodian League នៅឆ្នាំ២០១២មួយនេះ។

កីឡាករមានប្រភពពីខេត្តតាកែវពន្យល់ ៖” សប្បាយចិត្តខ្លាំងមែនទែនដែលទទួលបាន clean sheet តទល់ក្លិបដ៏ធំមួយដូចវិសាខា។ តែវាមិនមែនជាចំណែករបស់ខ្ញុំទាំងអស់ទេ វាបានពីសមាជិកក្រុមឯទៀតដែរដែលមានខ្សែការពារ ខ្សែបម្រើ និងខ្សែប្រយុទ្ធ ដែលសហការគ្នាលេងយ៉ាងល្អ”។

យុវជនវ័យ១៩ឆ្នាំដដែលបន្ថែមថា ជ័យជម្នដ៏ត្រចះត្រចង់កើតឡើងពីការរៀបចំបានល្អពីក្រុមការងារគ្រូបង្វឹក ហើយកីឡាករទាំងអស់ធ្វើបានសម្រេចទៅតាមគម្រោងដែលបានត្រៀមមក។

គួរដឹងដែរថា ២០១៩ គឺជាឆ្នាំដំបូងដែលបឹងកេតឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ប្រមុខរាជរដ្ឋាភិបាលខាងលើ បន្ទាប់ពីធ្វើបានចំណាត់ថ្នាក់លេខ៣នៅឆ្នាំ២០១៤ និងលេខ៤ នៅឆ្នាំ២០១៧៕

អត្ថបទ៖ CNCC

 

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania