Barry Lelouma៖ «ជាកីឡាករបាល់ទាត់អាជីព អ្នកត្រូវរក្សាកាយសម្បទាឲ្យបានល្អ ទោះពុំមានក្លិបលេង»

13 Sep 2021 11:54

456

Share :


ខ្សែប្រយុទ្ធហ្គីណេ Barry Alpha Oumar Lelouma លើកឡើងថា ក្នុងនាមជាកីឡាករបាល់ទាត់អាជីពមួយរូប គេពុំដែលបណ្ដោយឲ្យភាពរឹងមាំនាំកាយសម្បទា (Fitness) របស់ខ្លួនធ្លាក់ចុះឡើយ បើទោះពុំមានក្លិបលេងនៅក្នុងជុំទី ១ នៃពានរង្វាន់ Metfone Cambodian League 2021 កន្លងមកនេះក្ដី។

«កន្លងមក ទោះពុំទទួលបានកុងត្រាជាមួយក្លិបណាមួយក្ដី ខ្ញុំតែងតែហ្វឹកហាត់រក្សាកម្លាំងកាយរបស់ខ្ញុំជាប្រចាំ។ ខ្ញុំបានហ្វឹកហាត់ជាមួយមិត្តភក្តិបរទេសមួយចំនួន នៅលើវាលខ្សាច់ ដែលវាជាលំហាត់ដ៏ល្អមួយ សម្រាប់រក្សា Fitness របស់ខ្ញុំ ដែលពួកខ្ញុំតែងហៅវាថា Dubai Café ។ ជាកីឡាករអាជីពម្នាក់ ខ្ញុំយល់ឃើញថា យើងមិនត្រូវបណ្ដោយខ្លួនទេ ពោលត្រូវរៀបចំខ្លួនឲ្យរួចរាល់គ្រប់ពេល នោះពេលឱកាសហុចឲ្យ យើងនឹងមិនខកខានឡើយ»។

បែបណាក្ដី កីឡាករជំនាញជើងឆ្វេងខាងលើទទួលស្គាល់ថា ត្រឹមតែការហ្វឹកហាត់ទៀងទាត់ពុំទាន់គ្រប់គ្រាន់នៅឡើយទេ។ រូបគេក៏មានការរៀបចំរបបអាហារយ៉ាងត្រឹមត្រូវផងដែរ ដើម្បីឲ្យរាងកាយមាំមួនទប់ទល់នឹងការហ្វឹកហាត់ ដោយមិនឲ្យគីឡូឡើងពេក ឬចុះខ្លាំងពេក។

គួររំឭកថា Barry Alpha Oumar Lelouma ជាអតីតយុវជនក្លិប BEC Tero Sasana នៃប្រទេសថៃ ហើយបានផ្លាស់ទៅណាហ្គាវើលដ៍នាឆ្នាំ ២០១៤ រហូតដល់ឆ្នាំ ២០១៦ ទើបចាកចេញទៅប្រទេសថៃវិញ។ ប្រកបអាជីពនៅទីនោះបាន ៣រដូវកាល គេបានត្រលប់មកទឹកដីកម្ពុជាជាថ្មី ដោយរួមរស់ជាមួយគិរីវង់សុខសែនជ័យ។ ក្នុងជុំទី ១ នៃលីគកំពូលរដូវកាល ២០២១ Barry ពុំមានក្លិបលេងនោះទេ ដោយទើបទទួលបានកុងត្រាថ្មីៗនេះពី សូលទីឡូអង្គរ សម្រាប់ជុំទី ២៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania