បានបង្ហាញខ្លួនក្នុងក្រុមកោះកុងប្រកួតពានសម្ដេចតេជោធ្វើឲ្យ សុធាវឌ្ឍនា កាន់តែកើនទំនុកចិត្ត

14 Sep 2021 13:10

397

Share :


២០២១ ជារដូវកាលដំបូងរបស់អ្នកចាំទីវ័យ ក្មេង ខេងដេត សុធាវឌ្ឍនា ក្នុងក្រុមកោះកុងអេហ្វស៊ី ហើយគេក៏បានចូលលេងប្រកួតក្នុងវគ្គចែកពូល៣លើក និងការប្រកួតមិត្តភាពមួយចំនួនទៀតដែរ មុនផ្អាកសកម្មភាពជាបណ្ដោះអាសន្ន។

យុវជនវ័យ១៨ឆ្នាំធ្លាប់ហ្វឹកហាត់មួយរយៈខ្លីក្នុងក្រុមយុវជនបាទីកាលឆ្នាំ២០១៨ មុនផ្លាស់ទៅយុវជនវិសាខា នៅឆ្នាំដដែល។ កាលនៅក្រុមថ្នាលវិសាខា គេមិនសូវបានចូលលេងប៉ុន្មានទេ ហើយឆ្នាំ២០២០បានទៅចូលរួមជាមួយក្រុមធំអគ្គិសនីកម្ពុជា តែក៏មិនសូវមានឱកាសបង្ហាញខ្លួនដូចគ្នា។ បន្ទាប់មក យុវជនមានកំណើតនៅខេត្តស្វាយរៀងបានសម្រេចចិត្តចូលរួមជាមួយក្រុមកោះកុងអេហ្វស៊ីដែលជាក្រុមប្រកួតប្រជែងក្នុងក្របខណ្ឌទី២ និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត។

មុនទទួល បានឱកាសចូលលេងក្នុងក្រុមមានមូលដ្ឋាននៅខេត្តកោះកុង វឌ្ឍនា ទទូចថា ហាក់មិនសូវមានទំនុកចិត្តលើខ្លួនឯងប៉ុន្មានទេ ព្រោះកម្របានលេងពេលនៅទ្រនំចាស់។ ប៉ុន្តែឆ្លងកាត់ការប្រកួតផ្លូវការចំនួន៣លើកក្នុងវគ្គចែកពូលកន្លងទៅ កីឡាកររូបនេះប្រាប់ថា បានកើនឡើងបទពិសោធ និងទំនុកចិត្តខ្លះដែរ ដោយហ៊ានលេងជាងមុន ហ៊ានស្រែកប្រាប់សមាជិកក្រុមជាងមុន។ 

ទាក់ទងទៅនឹងចំណុចខ្វះខាតវិញ សុធាវឌ្ឍនា ទទួល ស្គាល់ពីការមិនទាន់អាចប្រើជើងបានល្អ ព្រោះការលេងបាល់ទាត់សម័យទំនើបនេះ ក៏ទាមទារឲ្យអ្នកចាំទីមានសមត្ថភាពក្នុងការប្រើប្រាស់ជើង។ សម្រាប់សមត្ថភាពផ្សេងៗទៀត គេថា អាចប្រកួតប្រជែងបាន ដូច្នេះគេនឹងព្យាយាមពង្រឹងការប្រើជើងឲ្យកាន់តែប្រសើរថែមទៀត។ គេថា គ្រូបង្វឹកតែងតែលើកទឹកចិត្តរូបគេឲ្យខំប្រឹងប្រែង។

គួរដឹងដែរថា ឆ្លងកាត់ការប្រកួត៣លើកក្នុងពូល "ង" មុនផ្អាកដំណើរការបណ្ដោះអាសន្ន កោះកុងអេហ្វស៊ីឈរលេខ១ ដោយមាន៧ពិន្ទុ ពីលើក្រុមកែប, ខេត្តព្រះសីហនុ និងកំពត៕

អត្ថបទ៖ CNCC 
ប្រភពរូប Koh Kong FC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania