ប្រាក់ ចាន់រតនា៖ ប៉ះប៉ូលិសស្អែកនេះ ប្រៀបដូចជាការប្រកួតដណ្ដើមពានរបស់ពួកយើង

14 Sep 2021 18:34

344

Share :


ជំនួបតទល់ក្រុមម្ចាស់ផ្ទះនគរបាលជាតិ នាម៉ោង ៣រសៀល ថ្ងៃពុធ ទី១៥ កញ្ញានេះ ត្រូវបានខ្សែប្រយុទ្ធគិរីវង់សុខសែនជ័យ ប្រាក់ ចាន់រតនា អះអាងថា ប្រៀបដូចជាការប្រកួតដណ្ដើមពានរង្វាន់ដូច្នោះដែរ ព្រោះលទ្ធផលក្នុងប្រកួតចុងក្រោយនៃជុំទី១នេះ នឹងកំណត់ជោគវាសនារបស់ក្រុមមានមូលដ្ឋាននៅខេត្តតាកែវ ថាត្រូវលេងជុំទី២ ក្នុងក្រុម Top 8 ឬ Bottom 5 ។

«ការតាំងចិត្ត ការប្រមូលកម្លាំង និងការប្រមូលអារម្មណ៍សម្រាប់ការប្រកួត គឹពួកយើងបានធ្វើវាយ៉ាងល្អ។ យើងពុំមើលស្រាលគូប្រកួតឡើយ បើទោះពួកគេពុំត្រូវការប្រជែងយកឱកាសទៅវគ្គបន្ត។ ប៉ុន្តែយើងផ្ដោតខ្លាំងទៅលើយុទ្ធសាស្ត្រប្រកួត ដែលគ្រូបានរៀបចំ និងធ្វើឲ្យអស់ពីខ្លួន។ សម្រាប់យើង វាប្រៀបដូចជាការប្រកួតផ្ដាច់ព្រ័ត្រមួយ ដោយយើងត្រូវការជ័យជម្នះជាដាច់ខាត»។

កីឡាករមានប្រភពពីខេត្តកោះកុងបន្ថែមថា ក្រុមពុំមានក្ដីបារម្ភធំពេកទេ ចំពោះអវត្តមានខ្សែការពារជប៉ុន Taku ដែលជាប់ពិន័យកាតក្រហម ព្រោះកីឡាករដទៃទៀត សុទ្ធតែបានត្រៀមខ្លួន និងស្មារតីរួចជាស្រេច ដើម្បីត្រៀមបំពេញជំនួសទីតាំងរបស់កីឡាករជប៉ុនរូបនេះ។

គិរីវង់សុខសែនជ័យ ត្រូវការលទ្ធផលឈ្នះ ឬយ៉ាងហោចត្រឹមស្មើគ្នា ជាមួយក្រុមម្ចាស់ផ្ទះនគរបាលជាតិ ដើម្បីដណ្ដើមយកកៅអីលេខ ៨ ពីអាស៊ីអឺរ៉ុប បន្តក្ដីសង្ឃឹមប្រជែងជើងឯក Metfone Cambodian League 2021 តទល់ក្រុមខ្លាំង ៧ផ្សេងទៀត នៅក្នុងជុំទី ២ របស់ក្រុមទាំង ៨ខាងលើ (Top 8) ។ ការប្រកួតរវាងនគរបាលជាតិ និងគិរីវង់សុខសែនជ័យ នឹងធ្វើឡើងនៅថ្ងៃពុធ ទី១៥ ខែកញ្ញា លើទីលាន 7NG ចាប់ពីម៉ោង ៣:៣០នាទីរសៀល ដែលមានផ្សាយផ្ទាល់លើ BTV ៕

អត្ថបទ៖ CNCC

 តាមដានលើបណ្តាញសង្គម
Facebook
Youtube
Chania